(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការបែកធ្លាយ ករណីឆបោកប្រាក់ជាលក្ខណៈប្រព័ន្ធ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រុមជនរងគ្រោះ បានដាក់ពាក្យប្ដឹងក្រុមជនឆបោកទាំងនោះ ទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីឲ្យជួយរកយុត្តិធម៌ និងចាប់ខ្លួនពួកគេ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់បានចាញ់បោកជនសង្ស័យមួយក្រុមរួមមាន៖ ឈ្មោះ ជិន វិបុល, ឈ្មោះ ជិន ចាន់ឡឹក, ឈ្មោះ ជិន ស្រីនាង, ឈ្មោះ ជិន សុខេង, ឈ្មោះ ជិន ស្រីពៅ និងបក្ខពួកជាច្រើននាក់ទៀត ក្រោមរូបភាពបញ្ចុះបញ្ចូលឲ្យពួកគាត់ដាក់ប្រាក់សន្សំដោយទទួលបានការប្រាក់ខ្ពស់ពី ១៥ ទៅ៣០ភាគរយក្នុងរយៈពេល ១ ទៅ ២សប្ដាហ៍ កាលពីអំឡុងឆ្នាំ២០១៨។
ប្រជាពលរដ្ឋរងគ្រោះ បន្ដថា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២០ ទើបបែកធ្លាយថា នេះជាករណីឆបោក ព្រោះក្រុមជនសង្ស័យ ពុំបានយកប្រាក់ទៅទូទាត់ជូនប្រជាពលរដ្ឋម្ចាស់ លុយតាមការសន្យានោះទេ។ ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋ ចាញ់បោកក្រុមជនសង្ស័យខាងលើ មានចំនួនរាប់សែន ទៅដល់លានដុល្លារ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋរាប់សិបគ្រួសារ បានលើកគ្នាទៅសាលាឃុំពោធិ៍ចំរើន ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហានេះ ប៉ុន្តែហាក់ពុំសូវបានអាជ្ញាធរយកចិត្តទុកដាក់ឡើយ ទើបពួកគាត់សម្រេចរកមេធាវី ដាក់ពាក្យប្ដឹងក្រុមជនសង្ស័យតាមផ្លូវច្បាប់។
ជុំវិញករណីឆបោកខាងលើនេះ អាជ្ញាធរបានថ្លែងជាសាធារណៈថា កន្លងទៅអាជ្ញាធរធ្លាប់អប់រំពលរដ្ឋដែរ ប៉ុន្តែពលរដ្ឋមិនព្រមស្ដាប់ ទើបឈានដល់ចាញ់បោកក្រុមជនខិលខូចទាំងអស់នោះ៕