(ស្វាយរៀង)៖ ទីតាំងស្រះវង្ស ក្រុងស្វាយរៀង ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង រៀបចំឱ្យក្លាយទៅទីកន្លែងទាក់ទាញភ្ញៀវទេសចរ និងទីហាត់ប្រាណប្រកបដោយសោភ័ណភាពស្រស់ស្អាត នាថ្ងៃឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។
បើតាមលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីដែលពាក់ព័ន្ធចុះពិនិត្យមើលអំពីវឌ្ឍនភាពការអភិវឌ្ឍន៍របស់ខេត្តដែលមានសមិទ្ធផលជាច្រើន ក្នុងនោះលោកអភិបាលខេត្តបានអញ្ជើញចុះពិនិត្យមើលទីតាំងស្រះវង្ស ក្រុងស្វាយរៀង ដើម្បីរៀបចំក្រាលការ៉ូឡាថ្មី លាបថ្នាំ ភ្លើងបំភ្លឺ ដាំដើមឈើលម្អរ និងពិនិត្យស្រះទឹក ដើម្បីរៀបចំពិធីព្រលែងត្រីចំរុះព័ណ៌នៅក្នុងស្រះនេះ នៅថ្ងៃឆ្លងឆ្នាំសកល២០២១ ខាងមុខផងដែរ។
មន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា គោលបំណងនៃការពិនិត្យ និងរៀបចំសោភ័ណភាព នៅស្រះវង្សរបស់អភិបាលខេត្តស្វាយរៀងនាព្រឹកនេះ ក្នុងន័យទាក់ទាញភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណឱ្យមានភាពស្រះស្រាយ ព្រមទាំងមានការដាក់ចំណីត្រីបានថែមទៀត។
មន្ត្រីដដែលបានបញ្ជាក់ថា សម្រាប់ការដាក់ភ្លើងបំភ្លឺផ្លូវនៅក្រុងស្វាយរៀង ដែលមាននៅតាមផ្លូវទីប្រជុំជននានា ក្នុងនោះបានដាក់រួចរាល់ចំនួន ៤០៩បង្គោល ហើយនិងគ្រោងដាក់បង្គោលភ្លើងបន្ថែម នៅតាមផ្លូវមួយចំនួនទៀត ក្នុងក្រុងដែលមិនទាន់មានភ្លើងបំភ្លឺ ចំនួន២០០បង្គោលបន្ថែមទៀត។
មន្ត្រីដដែលបានបន្ថែមថា ចំណែកច្រាំងទន្លេដែលស្ថាបនានោះមានប្រវែង ១៥៤ម៉ែត្រ ផ្នែកខាងត្បូង បន្ថែមពីលើច្រាំងផ្នែកខាងលិច មានប្រវែង ៩៧៥ម៉ែត្រ ហើយរដ្ឋបាលខេត្តនឹងរៀបចំក្រាលការ៉ូឡាបំពាក់ភ្លើងបំភ្លឺសួនច្បារ ដាំដើមឈើ លម្អ កន្លែងហាត់ប្រាណ ព្រមទាំងមានរៀបចំវេទិកា សម្រាប់ប្រារព្ធពិធីប្រណាំងទូកហើយ ការអភិវឌ្ឍ និងកែលម្អច្រាំងទន្លេវ៉ៃគោនេះ គឺជាគម្រោងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្នុងក្រុង និងជាកន្លែងកម្សាន្តលំហែអារម្មណ៍ ហាត់កីឡា ព្រមទាំងជាផ្នែកមួយចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ និងជំរុញ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយក៏ជាសំណង់ដៃប្រត្តិសាស្ត្រសម្រាប់ខេត្តស្វាយរៀង ផងដែរ៕