(សៀមរាប)៖ រដ្ឋបាលឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីបំភ្លឺ ៤ចំណុច ចំពោះការចោទប្រកាន់ទាំងបំភ្លៃ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំលើរដ្ឋបាលឃុំនេះ ពីដើមបណ្តឹងដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។
សេចក្តីភ្លឺនេះបានធ្វើឡើងបន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចោទប្រកាន់ថា ប្រធានគណៈកម្មាធិការខេត្ត បន្លំខ្លួនជាប្រជាពលរដ្ឋធម្មតាចូលមកបញ្ជាស្មៀនឃុំ មិនអនុញ្ញាតផ្តល់ឯកសារផ្លូវច្បាប់ឱ្យដើមបណ្តឹង LDP នៅក្នុងកិច្ចប្រជុំសម្រេចបណ្តឹងជំទាស់លេខ០០១ ចុះថ្ងៃទី០១ធ្នូ ឆ្នាំ២០២០ ប្ដឹងដោយលោកស្រី ស៊ុម គឹមវិច្ឆិកា សុំប្តឹងឱ្យលុបឈ្មោះប្រជាពលរដ្ឋចំនួន១២នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូង។
សេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំស្ពានត្នោត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺរដ្ឋបាលឃុំបានធ្វើការបំភ្លឺ ៤ចំណុចរួមមាន៖
១៖ នៅកិច្ចប្រជុំសម្រេចរបស់ក្រុមប្រឹក្សាឃុំស្ពានត្នោត ប្រធានក្រុមប្រឹក្សាឃុំ បានមានបទបញ្ជាផ្ទៃក្នុងពេលបើកអង្គប្រជុំសម្រេចដូចជា៖ ហាមបង្កភាពអនាធិបតេយ្យក្នុងបន្ទប់ប្រជុំសម្រេច ហាមថតរូប និងអាត់សំឡេងក្នុងបន្ទប់ប្រជុំសម្រេច ហាមប្រើប្រាស់ទូរស័ព្ទដៃ វិទ្យុទាក់ទងផ្សេងៗក្នុងបន្ទប់ប្រជុំសម្រេចដែលនេះជាការអនុវត្តទូទៅក្នុងខេត្តសៀរាប។
២៖ នៅក្នុងកិច្ចប្រជុំសម្រេចនេះដើមបណ្តឹងដែលជាតំណាង LDP មិនបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុងនៃអង្គប្រជុំទេដូចជាការហាមថត ឬអាត់សំឡេង ការប្រើប្រាស់ទូរស័ព្ទដៃជាដើម មិនតែប៉ុណ្ណោះ ឈ្មោះ សាន ឆេងហន សកម្មជន LDP ដែលទៅជាមួយដើមបណ្តឹងបានបង្កការអុកឡុករំខាន ដោយមានការនិយាយទាក់ទងនឹងនយោបាយជាច្រើននាទី ហើយទាមទារឯកសារ ច្បាប់ដើមទាំងអស់ទាក់ទងនឹងការប្រជុំសម្រេចនេះ រួមទាំងឯកសារភស្តុតាងផង ដោយប្រាប់ស្មៀនថា ឯកសារនេះមិនបាច់ទុកធ្វើអ្វីទេ ដោយនិយាយយកលេសថាគ្រប់ឃុំសុទ្ធតែបានផ្តល់សំណុំឯកសារប្រជុំសម្រេចច្បាប់ដើមឱ្យពួកគេ។
៣៖ នៅក្នុងកិច្ចប្រជុំសម្រេចនេះប្រធានក្រុមប្រឹក្សាឃុំ បានហាមសកម្មជនគណបក្ស LDP ឈ្មោះ សាន ឆេង ហន ដែលបានចូលរួមកុំឱ្យនិយាយជំនូសដើមបណ្តឹង ព្រោះខ្លួនគ្មានការអនុញ្ញាតពីប្រធានក្រុមប្រឹក្សាប្រជុំសម្រេច ម្តងជាពីរដង ប៉ុន្តែជននេះនៅតែមិនស្តាប់ថែមទាំងបង្កភាពរញ៉េរញ៉េក្នុងកិច្ចប្រជុំសម្រេចនេះ ដោយទាមទាចង់បានឯកសារច្បាប់ដើមទាំងអស់ដដែល។
៤៖ ក្រោយបញ្ចប់ការប្រជុំសម្រេចរយៈពេលប្រហែល ៤០នាទី ក្រុមការងារ ល.ខ.ប សៀមរាប ដែលដឹកនាំដោយលោក នឹម វ៉ាន់សំ ប្រធាន ល.ខ.ប បានចុះប្រមូលឯកសារពាក់ព័ន្ធនឹងការប្រជុំសម្រេច ពេលនោះលេខាធិការប្រជុំសម្រេច បានសួរប្រធានលខប ថាតើឯកសារទាំងអស់នេះគួរប្រគល់ឱ្យដើមបណ្ដឹងឬទេ? ប្រធាន ល.ខ.ប បានឆ្លើយថាឱ្យតែសម្រង់សេចក្តីសម្រេច (១២០៣) និងបញ្ជីវត្តមានថតចម្លងបានហើយ។ បន្ទាប់មកលោកប្រធាន ល.ខ.ប ក៏ធ្វើដំណើរចេញមកក្រៅសាលាឃុំ ដោយមិនមានប្រជាពលរដ្ឋណាម្នាក់បានដេញគាត់ឡើយ។
«ដូចនេះរដ្ឋបាលឃុំស្ពានត្នោត យល់ឃើញថាការចោទប្រកាន់របស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺពុំត្រឹមត្រូវទេ ព្រោះក្រុមប្រឹក្សាឃុំ បានអនុវត្តតាមគោលការណ៍ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ការថតបង្ហោះលើបណ្ដាញសង្គមរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់លោកប្រធាន ល.ខ.ប និងក្រុមប្រឹក្សាឃុំដែលបានទទួលប្រតិភូកម្មអំណាចពី គ.ជ.ប»។ នេះជាការបញ្ជាក់ របស់រដ្ឋបាលឃុំស្ពានត្នោត៕