(សៀមរាប)៖ រដូវរំហើយមកដល់វាលស្រែពេញដោយស្រូវបានប្តូរពីបៃតងទៅជាពណ៌មាសឆ្អិនឆ្អៅនៅក្នុងរមណីយដ្ឋានអង្គរយ៉ាងស្រស់ស្អាត ប្រជាកសិករក៏កំពុងមមាញឹកក្នុងការប្រមូលផលស្រូវ បើទោះជាហត់នឿយ តែទឹកមុខពោរពេញទៅដោយស្នាមញញឹម។
បច្ចុប្បន្ន បច្ចេកវិទ្យាក្នុងវិស័យកសិកម្មបានរីកចម្រើនទំនើបជាខ្លាំងក៏ពិតមែន ហើយកសិករបានផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងមនុស្ស សត្វពាហនៈ មកប្រើម៉ាស៊ីនដើម្បីបង្កបង្កើនផលក៏ដោយ ក៏អ្នកភូមិក្នុងតំបន់អង្គរនៅតែបន្តរក្សាបាននូវប្រពៃណីប្រវាស់ដៃគ្នាច្រូតកាត់តាមទម្លាប់ដែលមានតាំងយូរណាស់មកហើយ ហើយការប្រវាស់ដៃគ្នានេះ ក៏មានតាំងពីដកស្ទូង ភ្ជួររាស់ និងដឹកជញ្ជូនដែរ។
ការប្រវាស់ដៃគ្នាច្រូតកាត់ គឺបង្ហាញពីសាមគ្គីភាពក្នុងសហគមន៍ ដែលចេះជួយគ្នាទៅវិញទៅមក ចំណាយតិច សប្បាយរីករាយ និងច្រូតកាត់បានស្អាតល្អជាងប្រើម៉ាស៊ីន។
អាជ្ញាធរជាតិអប្សរា បានសម្តែងនូវការកោតសរសើរ និងការគាំទ្រចំពោះការថែរក្សាបាននូវសាមគ្គីភាពក្នុងការច្រូតកាត់ ការប្រើឧបករណ៍បុរាណ រួមទាំងទំនៀមទម្លាប់របស់អ្នកស្រុកអង្គរទាំងការរស់នៅ ពិធីបុណ្យ និងជំនឿផ្សេងៗឱ្យនៅតែរស់រវើកមានជីវិតដល់សព្វថ្ងៃ៕