ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ពិភាក្សាជាមួយដៃគូអន្តរជាតិ ពីការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល សម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម
05-12-2020 15:09
(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សា តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «ការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល សម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) នៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង» ដែលរៀបចំទ្បើងដោយអង្គការ UNESCAP និង USAID។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីអ្នករៀបចំគោលនយោបាយ បញ្ញត្តិករ ក្រុមហ៊ុនបច្ចេកវិទ្យា និងដៃគូអភិវឌ្ឍន៍នានា។
កម្មវិធីនេះមានគោលបំណងពិភាក្សាអំពី៖
១៖ បញ្ហាប្រឈម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ក្នុង និងក្រៅប្រទេស សម្រាប់ស្ត្រីជាម្ចាស់ MSMEs នៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។
២៖ ដំណោះស្រាយផ្នែកគោលនយោបាយកម្មវិធី និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ។
៣៖ មតិយោបល់លើគម្រោងអនុវត្តកម្មវិធីជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលសម្រាប់ MSMEs ក្នុងឆ្នាំ២០២១-២០២២។
ទន្ទឹមនេះលោកស្រី ទេសាភិបាលរង ក៏ត្រូវបានអញ្ជើញជាវាគ្មិន សម្រាប់ប្រធានបទស្តីពី «ការទទួលបានដំណោះស្រាយផ្នែកហិរញ្ញវត្ថុឌីជីថល និងការពង្រីកដើមទុន របស់ស្រ្តីជាម្ចាស់ MSMEs» ផងដែរ៕