(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសឲ្យអ្នកដែលពាក់ព័ន្ធជាមួយលោកស្រី ឆែម សូនីតា (កូនស្រីលោក ឆែម សាវុធ) និងលោក តាំង សេវិនអាប់ ដែលជាអ្នកចម្លងជំងឺកូវីដ-១៩ ចូលសហគមន៍ដំបូងគេ មកធ្វើតេស្ដជាបន្ទាន់ បើទោះបីគ្មានចេញរោគសញ្ញាអ្វីក៏ដោយ។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអះអាងថា អ្នកទាំងឡាយណាដែលប៉ះពាល់ជាមួយ លោកស្រី ឆែម សូនីតា និងលោក តាំង សេវិនអាប់ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនចេញរោគសញ្ញាអ្វីក៏ដោយ ត្រូវមកធ្វើតេស្ដដោយយកវត្ថុសំណាក និងពិនិត្យឈាមទៅតាមមន្ទីរពេទ្យខេត្ត ដែលលោកអ្នកស្នាក់នៅ។
ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា កាលដែលក្រសួងតម្រូវឲ្យធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ខណៈបុគ្គលទាំងពីររូបខាងលើ បានឆ្លងបន្ដពីករណីនាំចូលជំងឺកូវីដ-១៩ ពីក្រៅប្រទេស។
គួរជម្រាបថា ក្រសួងសុខាភិបាល បានប្រកាសថា បុគ្គល២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយ ក្រោយការបង្ករោគហើយនិងដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០២០។
គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់៕