(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា បុគ្គល២នាក់ គឺឈ្មោះ ឆែម សូនីតា និងឈ្មោះ តាំង សេវិនអាប់ គឺជាប្រភពដំបូងនៃការចម្លងចូលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលអាចជាករណីនាំចូលតាំងពីខែតុលា ឆ្នាំ២០២០មកម្លេះ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការបន្តស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយពីក្រសួង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០រួចមក ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងារ របស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ នេះ ជាបន្តទៀត។
ក្រសួងបន្តថា តាមការពិភាក្សា ក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញការអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ និងដោយយោងតាមព័ត៌មាន ទទួលបានពីការធ្វើសម្ភាសផ្ទាល់ជាមួយករណីពាក់ព័ន្ធ ការសិក្សាអេពីដេមីសាស្ត្រ និងការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្រ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកពីក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា សម្រាប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ក្រុមការងារអាចទាញការសន្និដ្ឋានជាបន្តទៀត ដោយផ្អែកលើ៖
១៖ លំដាប់លំដោយនៃការចេញរោគសញ្ញា និងហេតុការណ៍សកម្មភាពទំនាក់ទំនងគ្នាក្នុងសង្គម
២៖ ការវិវត្តនៃចំនួនមេរោគតាមបែបភីស៉ីអែរ (PCR Test)
៣៖ ទំនាក់ទំនងទទួលបានពីការវិភាគវត្ថុសំណាក់អ្នកជំងឺបែបបំបែកបន្តៗគ្នា (Sequencing Covid-19 virus sample)
៤៖ តាមការពិចារណាដោយហ្មត់ចត់នៃអង្គបដិបក្ខ (Antibody) ដោយពិនិត្យលើវត្ថុសំណាកឈាមរបស់អ្នកជំងឺ។
លទ្ធផលនៃការពិភាក្សា ត្រូវបានបង្ហាញជូនដូចតទៅ៖
* បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយ ក្រោយការបង្ករោគហើយនិងដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០២០។
* បុគ្គល ០៧នាក់ (ស្រ្តីឈ្មោះ ហេង គង់ អាយុ ៥៦ឆ្នាំ បុរសឈ្មោះ ឆែម សាវុធ អាយុ ៥៧ឆ្នាំ កុមារាឈ្មោះ កែវ រតនៈបញ្ញា អាយុ ១២ឆ្នាំ ស្ត្រីឈ្មោះ លឹម លម្អ អាយុ ២៤ឆ្នាំ ស្ត្រីឈ្មោះ អ៉ីវ ប៊ុនសូលីដា អាយុ ៣៦ឆ្នាំ បុរសឈ្មោះ អែម សាន អាយុ ៣៦ឆ្នាំ និងបុរសឈ្មោះ សេង ឆាយា អាយុ ៣០ឆ្នាំ) កំពុងមានជំងឺស្ថិតនៅក្នុងដំណាក់កាលកណ្តាល ឆ្ពោះទៅរកការជាសះស្បើយ។
* បុគ្គល ០៤នាក់ (ស្រ្តីឈ្មោះ ឆែម សុភាព អាយុ ៣៦ឆ្នាំ ស្ត្រីឈ្មោះ អ៊ុ សុវណ្ណារ៉ា អាយុ ៦៤ឆ្នាំ ស្ត្រីឈ្មោះ សេង លីន អាយុ ២១ឆ្នាំ និងបុរសឈ្មោះ ឡាយ សេងលី អាយុ ២៣ឆ្នាំ) កំពុងមានជំងឺក្នុងដំណាក់កាលដំបូងនៃការឆ្លងរោគ។
* បុគ្គល ០៤នាក់ (បុរសឈ្មោះ លឹម ស្នែគំនិត អាយុ ៣១ឆ្នាំ បុរសឈ្មោះ អេង ហាក់សេង អាយុ ៣២ឆ្នាំ ស្ត្រីឈ្មោះ អេង គឹមហៀក អាយុ ៥៦ឆ្នាំ និងបុរសឈ្មោះ ស៊ឹម សុផាន់ណារ៉ាត់ អាយុ ៣៥ឆ្នាំ) អាចមិនឆ្លង ឬក៏កំពុងស្ថិតនៅក្នុងដំណាក់កាលមេរោគសម្ងំនៅឡើយ (Incubation period) ដោយរកមិនឃើញអង្គបដិបក្ខ (Antibody) និងមិនទាន់ឃើញមានវីរុសកូវីដ-១៩ (ដែលត្រូវរងចាំពិនិត្យតេស្តលើកទីពីរទៀត)។
* ការរៀបរាប់ខាងលើ គឺជាសម្មតិកម្ម ដែលក្រុមការងារទទួលបានពីកិច្ចពិភាក្សានៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលបានបង្ហាញថា មានបុគ្គល ២នាក់ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ជាករណីឆ្លងដំបូងគេនៃ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលពួកគាត់អាចឆ្លងបន្តពីករណីនាំចូលវីរុស កូដ-១៩ ពីក្រៅប្រទេស។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបង្ហាញវិធានការ និងទិសដៅបន្ទាប់មួយចំនួន រួមមាន៖
* ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួនថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើនេះ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាមនៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមអញ្ជើញលោកអ្នក ទៅធ្វើតេស្តដោយយកវត្ថុសំណាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។
* សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលបានណែនាំរួចហើយ ឲ្យបានហ្មត់ចត់ជាទីបំផុត។
* ក្រុមការងារចម្រុះ នឹងបន្តការស្រាវជ្រាវរុរកជាប្រភពចម្លង និងការពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ជាបន្តទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសុខាភិបាល បានសំណូមពរសាធារណ សូមរក្សាសភាពហ្នឹងនរចូលរួមសហការ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់ សូមនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ
ករណីជំងឺ កូវីដ-១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ ឬទូរស័ព្ទលេខ៖ ០១២ ៨២៥
៤២៨ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។
គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ បានចំនួន ១០,១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៩នាក់។ អ្នកជំងឺទាំងនោះ កំពុងដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់។ ក្នុងនោះអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖