(ត្បូងឃ្មុំ)៖ តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញទទួលជែល ទឹកអាល់កុល ចំនួន០៤កេស ម៉ាស០១កេសធំ និងម៉ាស៊ីនវាស់កំដៅចំនួន ០២សម្រាប់ ដែលជាការឧបត្ថម្ភពីសមាគមវិនិយោគិនកម្ពុជា ដឹកនាំដោយលោក ផូ ប៉ុក។
ក្នុងឱកាសនោះលោក ម៉ៅ ឌុង ក្នុងនាមតំណាងអោយរដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមវិនិយោគិនកម្ពុជា ដែលបានផ្តល់នូវសម្ភារៈទាំងអស់នេះ។
លោកបានសម្តែងនូវការរីករាយ ដោយបានបញ្ជាក់ថា កាយវិការនៃការចូលរួមទាំងអស់នេះទោះតិចក្តីច្រើនក្តី គឺជាការរួមចំណែកលើការងារមនុស្សធម៌ ពាក់ព័ន្ធនឹងជំងឺឆ្លងយ៉ាងកាចសាហាវនេះ។
លោក ម៉ៅ ឌុង បានបន្ថែមថា ក្នុងដំណាក់កាលដែលកម្ពុជាបានកំពុងឆ្លងចូលសហគមន៍នេះ យើងទាំងអស់គ្នាត្រូវរួមគ្នា ផ្តល់ព័ត៍មានដល់ការពាក់ព័ន្ធនឹងអ្នកសង្ស័យមានឆ្លងវីរុសកូរូណា ត្រូវការពារខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅរួមគ្នាការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕