(ភ្នំពេញ)៖ ក្រុមមកម្មករកម្មការិនី នៃក្រុមហ៊ុនខូស ម៉ូ តិចស្តាយ ខូអិលធីឌី ដែលស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើដំណើរមកកាន់វិមានរដ្ឋសភា ដើម្បីសុំអន្តរាគមន៍ដោះស្រាយវិវាទការងារ ជូនពួកគាត់ លើវិវាទការងាររវាងកម្មករជាមួយក្រុមហ៊ុន ដែលបានកើតមាន តំាងពីដើមខែកុម្ភៈ ឆ្នាំ២០១៦ នេះមក។
នៅពេលមានវត្តមានកម្មករកម្មការិនី នៅមុខវិមានរដ្ឋសភា លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានចេញទៅជួបក្រុមកម្មករ ហើយបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងដោយស្មោះសរទៅវិញទៅមក។
លោក ឈាង វុន បានលើកឡើងថា «ក្មួយៗកម្មករ មានសិទ្ធិធ្វើ បាតុកម្មរបស់ក្មួយៗកម្មករ គឺជាសិទ្ធិពលរដ្ឋ ប៉ុន្តែសូមស្នើក្មួយៗអនុវត្តសិទ្ធិនេះ ឲ្យស្របតាមច្បាប់កំណត់ ហើយជៀសវាងកុំឲ្យមានអំពើហឹង្សា»។
លោក ឈាន វុន ថ្លែងបន្តថា ការទាមទារទាំងឡាយរបស់ក្មួយៗនៅពេលនេះ រដ្ឋសភានឹងផ្តល់ជាព័ត៌មានឲ្យលេចឮ ទៅដល់រាជរដ្ឋាភិបាល ជាពិសេសទៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះការលើកឡើងរបស់ក្រុមបាតុករ ពាក់ព័ន្ធនឹងមន្ត្រីខិលខូច ដែលទៅប្រើអំពើហឹង្សានៅក្នុងរោងចក្រ លោកនឹងផ្តល់ព័ត៌មានទៅក្រសួងមហាផ្ទៃ ឲ្យបានជ្រាប និងរកដំណោះស្រាយ។
សូមជម្រាបជូនថា នៅក្នុងលិខិតសូមអន្តរាគមន៍ ក្រុមកម្មករបានលើកឡើងថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមហ៊ុនបានប្រកាសកាត់លុយ៥ដុល្លារ ពីកម្មករគ្រប់គ្នា ធ្វើឲ្យកម្មករ អន់ចិត្តយ៉ាងខ្លំាង បន្ទាប់មកមានកម្មករម្នាក់ បានទៅសួរខាងរដ្ឋបាល ប៉ុន្តែកម្មករនោះត្រូវទទួលរងការវាយដំ។ បាតុភាពនេះ បានណ្តាលឲ្យកម្មករផ្ទុះបាតុកម្ម ចាប់ពីពេលនោះមក។ ក្រុមកម្មករបានទទួច សូមឲ្យរោងចក្រគោរពច្បាប់ការងារ។
លោក ឈាង វុន បានស្នើសុំដល់បាតុករទាំងអស់ ឲ្យរក្សាភាពស្ងប់ស្ងាត់ ព្រោះតំណាងរបស់គេ ត្រូវបានអនុញ្ញាតឲ្យចូល ទៅដាក់លិខិតសុំអន្តរាគមន៍ នៅគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា។
ក្រោយបានជួបសំណេះសំណាល យ៉ាងជិតស្និទជាមួយលោក ឈាង វុន រួចមកតំណាងកម្មករ បានយកលិខិតសូមអន្តរាគមន៍ ដាក់ជូនគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បន្ទាប់ក្រុមកម្មករកម្មការិនីខាងលើ បានបំបែកគ្នាត្រឡប់ទៅលំនៅដ្ឋានវិញ ដោយសុវត្ថិភាព៕