(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានកុមារាចំនួន៣នាក់ ត្រូវបានឪពុកម្តាយដឹកទៅសង្រ្គោះជាបន្ទាន់ភ្លាម នៅមន្ទីរពេទ្យក្រោយពេលដែលកុមារាទាំង៣នាក់នោះ បាននាំគ្នាហូបផ្លែល្ហុងខ្វង បណ្តាលឱ្យពុលនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងថា កុមារារងគ្រោះទាំង៣នាក់ រួមមានទី១៖ ឈ្មោះទី ភត្រា អាយុ៥ឆ្នាំ, ទី២៖ ឈ្មោះ សំអាង រ៉ាយុន អាយុ៥ឆ្នាំ និងទី៣៖ ឈ្មោះ សំអាង រ៉ាយុគ អាយុ៣ឆ្នាំ កុមាររងគ្រោះទាំង ៣នាក់ខាងលើ រស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា នៅពេលកើតហេតុ ឪពុក ម្តាយក្មេងទាំង៣នាក់ មិនបាននៅផ្ទះដោយរវល់ទៅធ្វើកម្មករស៊ីឈ្នួលដកដំឡូងមីឱ្យគេ បានទុកក្មេងៗទាំងនេះនៅនឹង ផ្ទះពេលនោះក្មេងទាំង៣នាក់ បាននាំគ្នាបេះផ្លែល្ហុងខ្វងដែលដុះតាមរបងយកមកនាំគ្នាដុតហូបក៏ពុលក្អួតចង្អោរតែម្តងទើបប្រជាពលរដ្ឋ និងឪពុកម្តាយ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ដោយមានអាការៈធ្ងន់ធ្ងរ នៅវេលាម៉ោង១ ថ្ងៃទី៣ ខែវិច្ឆិកា។
កុមារា ទាំង៣នាក់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ដាក់ស៊ីរ៉ូមបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។ រហូតមកដល់ពេលនោះក្មេងរងគ្រោះមានអាការៈបានធូស្បើយបន្តិចហើយ សង្ឃឹមថាដោយបានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក្មេង៣នាក់ និងអាចជាក្នុងពេលខាងមុខនេះ៕