(សៀមរាប)៖ បន្ទាប់ពីមានការស្រាវស្រាវនៅក្នុងតំបន់ឧទ្យានអង្គរ និងការកត់ត្រាទុកជាច្រើនឆ្នាំរួចមក អាជ្ញាធរជាតិអប្សរាបានចេញផ្សាយនូវទស្សនាវដ្តីថ្មីមួយមានឈ្មោះថា «ព្រះនគរ» ខណៈខ្លឹមសារនៃអត្ថបទទាំងនោះ ភាគច្រើននិយាយពីអតីតរាជធានីយសោធរបុរៈ អន្ទងនាំអារម្មណ៍របស់អ្នកអានទាំងឡាយ ឱ្យទៅដល់សម័យអង្គរដ៏ល្បីល្បាញរបស់ខ្មែរ។
អត្ថបទទាំងអស់នៅក្នុងទស្សនាវដ្ដីព្រះនគរនេះ គឺសរសេរដោយអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។ រីឯប្រភេទប្រធានបទវិញក៏មានច្រើនបែបដែរ ដូចជាអត្ថបទពិចារណាទូទៅលើការអភិវឌ្ឍរាជធានីអង្គរ អត្ថបទលក្ខណៈបច្ចេកទេស ដូចជាការលម្អិតផែនទីបុរាណស្ថានដោយយោងតាមទិន្នន័យថ្មីៗនៃបច្ចេកវិទ្យាឡាយដារ (LiDAR) ការសិក្សាពិនិត្យសមាសធាតុនៃថ្មដែលខ្មែរបុរាណយកមកសាងប្រាសាទ និងរោងជាងសិតសំរឹទ្ធនៅព្រះរាជវាំងអង្គរធំ។
ក៏មានដែរនូវអត្ថបទបច្ចេកទេស តែទាក់ទងនឹងការថែទាំ ព្រមទាំងការជួសជុល ដូចជាការថែទាំចម្លាក់ថ្មភក់ និងចម្លាក់បាយអរកុំឱ្យរិចរិលតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៅអង្គរ ការជួសជុលសំណង់ធ្វើពីឥដ្ឋ។ អត្ថបទខ្លះទៀតក៏បង្ហាញឱ្យអ្នកអានជ្រាបអំពីវត្ថុបុរាណច្រើនប្រភេទ ដែលអាជ្ញាធរជាតិអប្សរាបានប្រទះឃើញនៅទីនានា ហើយយកមករៀបចំទុកដាក់កត់ត្រាចុះបញ្ជីសារពើភណ្ឌ។
អត្ថបទក្នុងពពួកនរវិទ្យាក៏មាននិយាយអំពីបុណ្យទាក់ទងនឹងស្រូវដែលអ្នកស្រុកប្រារព្ធនៅក្នុងបុរាណស្ថានជាទីសក្ការៈរបស់ពួកគាត់។ ឯក្នុងវិស័យធារាសាស្រ្តវិញមានការសិក្សាស្តីអំពីតំបន់អង្គរ និងទាក់ទងនឹងប្រាសាទព្រះវិហារ។
យោងតាមបុព្វបទសំណេររបស់ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា គឺទស្សនាវដ្ដីព្រះនគរ (Journal Of Angkor Studies) ផ្ដោតសំខាន់ទៅលើបុរាណវត្ថុដែលបានរកឃើញថ្មីៗនៅតំបន់រមណីយដ្ឋានអង្គរ ការអភិរក្សជួសជុលប្រាង្គឥដ្ឋលេខ ៨ នៅប្រាសាទបាគង ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារ។
អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ទស្សនាវដ្តីនេះនឹងក្លាយជាប្រភពនៃចំណេះដឹងថ្មីៗបន្ថែមទៀត ដល់កូនខ្មែរគ្រប់រូបដែលចង់សិក្សាពីអង្គរ។ ដូច្នេះលោកអ្នកអាចមករកទស្សនាវដ្ដីព្រះនគរនេះ នៅបណ្ណាល័យអាជ្ញាធរជាតិអប្សរាដោយរីករាយ ដើម្បីទទួលបានព័ត៌មានជាចំណេះដឹងអំពីអតីតកាលផង ស្ថានភាពនៃព្រះនគរខ្មែរបច្ចុប្បន្នផង៕