(សេអ៊ូល)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានព្រមានកូរ៉េខាងជើង នៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានធ្វើសកម្មភាពខុសច្បាប់ ក្នុងការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង និងការបណ្តេញបុគ្គលិកកូរ៉េខាងត្បូង ឲ្យចេញពីតំបន់ឧស្សាហកម្មរួមនៅទីក្រុង Kaesong។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Hong Yong-Pyo បានឲ្យដឹងថា ការសម្រេចរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលបានទាត់ចោលក្រុមហ៊ុនរបស់កូរ៉េខាងត្បូង គឺពិតជាគួរឲ្យសោកស្តាយ ហើយលោកបន្តថា កូរ៉េខាងជើងគួរតែទទួលខុសត្រូវ ចំពោះផលវិបាកណាមួយដែលកើតឡើង។
កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ខ្លួនបានបិទតំបន់ឧស្សាហកម្ម Kaesong និងបានជំនួសមកវិញ ដោយការគ្រប់គ្រងរបស់យោធា។
គ្រប់ជនជាតិកូរ៉េខាងត្បូង ដែលធ្វើការនៅតំបន់ឧស្សាហកម្មនេះ ដែលមានទីតាំងនៅចម្ងាយ១០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ត្រូវបានបណ្តេញចេញ។ កូរ៉េខាងជើង ក៏បានបញ្ជាឲ្យមានការបង្កកទ្រព្យសម្បត្តិទាំងអស់ ដែលនៅក្នុងតំបន់ឧស្សាហកម្មនេះ ក្នុងនោះរួមទាំងឧបករណ៍ប្រើប្រាស់, ផលិតផល និងបរិក្ខាផងដែរ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ការសម្រេចបិទនេះ គឺជាការឆ្លើយតបទៅនឹងការសម្រេចរបស់ទីក្រុងសេអ៊ូល ដែលបានបិទប្រតិបត្តិការ ក្រុមហ៊ុនចំនួន១២៤ក្រុមហ៊ុន នៅក្នុងតំបន់ឧស្សាហកម្ម Kaesong ជាការតវ៉ាមួយ ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែ និងការបាញ់គ្រាប់រ៉ូកែតរយៈចម្ងាយវែង របស់កូរ៉េខាងជើង កាលពីពេលថ្មីៗកន្លងទៅនេះ៕