(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្ការការរីករាលដាលច្រើនចូលទៅក្នុងសហគមន៍កម្ពុជានោះ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយទៀត ឱ្យគ្រប់កន្លែងទាំងអស់មានការពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែម ជាពិសេសនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាពនេះ ក្រសួងសុខាភិបាល បានណែនាំដល់អាជីវករផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ដូចតទៅ៖
* បុគ្គលិកបម្រើការងារទាំងអស់គ្នាត្រូវពាក់ម៉ាស និងរបាំងមុខការពារឱ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ។
* អតិថិជនទាំងអស់ត្រូវពាក់ម៉ាស់វេជ្ជសាស្រ្ត ឬម៉ាសក្រណាត់ ឱ្យបានត្រឹមត្រូវ និងជាប់ជានិច្ចទាំងអស់គ្នា។
* ធនាគារ ផ្សារទំនើប និងហាងនីមួយៗ ត្រូវ៖
- បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ និងអាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃ នៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឱ្យលាងដៃជាញឹកជាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។
- រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជនរបស់ខ្លួន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១.៥ម៉ែត្រ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
- ធ្វើការតាមដានសីតុណ្ហភាពរាងកាយបុគ្គលិករបស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាងតិច៣ដង ក្នុង១ថ្ងៃ
* ការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀបទម្លាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាការចាប់ដៃគ្នា។
* ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ត្រូវរាយការណ៍ ឱ្យបានឆាប់ជូនដល់អាជ្ញាធរពាក់ព័ន្ធ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃ រាល់ពេលសង្កេតឃើញមានករណីសង្ស័យចូលក្នុងនិយមន័យ នៃជំងឺកូវីដ១៩)
ក្រសួងសុខាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះអាជីវករ និងអតិថិជនទាំងអស់ដែលបានយល់ដឹង និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងពេលកន្លងមក ហើយនឹងបន្តយកចិត្តទុកដាក់ទៅលើវិធានការណែនាំខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាយថាហេតុ។
កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថាជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕
ខាងក្រោមនេះជាសេចក្តីណែនាំក្រសួងសុខាភិបាល៖