(ភ្នំពេញ)៖ បុគ្គលិកសិក្សាបង្រៀន នៅសាលាបឋមសិក្សាជម្ពូវវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយមាតាបិតាសិស្សមួយចំនួន បានផ្ទុះការតវ៉ាសារជាថ្មី នៅម៉ោង៤រសៀល ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្នុងបរិវេណសាលារៀន ទាមទាររក្សាទុក លោកគ្រូនាយករងចំនួន២នាក់ នៅបម្រើការងារ នៅសាលាបឋមសិក្សាជម្ពូវ័នដដែល ទោះជានាយកសាលានៅក៏នៅចុះ តែបើដកសូមឱ្យដកទាំង៣នាក់ ទាំងនាយក ទាំងនាយករង។
ការផ្ទុះការតវ៉ានេះ ក្រោយពីមន្ទីរអប់រំរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការកោះប្រជុំ លោកគ្រូអ្នកគ្រូ ទូទាំងសាលា ក្នុងបំណងកំណែទម្រង់ តម្រូវផ្លាស់ប្តូរ គ្រូនាយករងសាលាទាំង២នាក់ ឱ្យទៅសាលាផ្សេង ។ តែជាយ៉ាងណាក៏ដោយ ក្រោយពីការមិនពេញចិត្ត នូវការប៉ុនប៉ងរបស់មន្ទីរអប់រំ ចង់ផ្លាស់ប្តូរ លោកនាយក២នាក់ ចេញពីសាលា ត្រូវបាន បុគ្គលិកនាំគ្នាបោះបោ តវ៉ាទាមទារ សូមឱ្យរក្សាទុកគ្រូនៅដដែល បើមន្ទីរដកសូមដកទាំងអស់ នាយក នាយករង២នាក់ទៀតតែម្តង ក្នុងហេតុផល ដក១ទុក១ក៏សាលារៀនមិនសុខសាន្តដែរ ព្រោះ តាំងពីនាយកសាលាចូលមកជាង១ឆ្នាំនេះ ផ្ទៃក្នុងសាលាប្រេះឆារ ជួបតែរឿងអាស្រូវ។
កន្លងមកមន្ទីរអប់រំ បានចេញសេចក្តីសម្រេចម្តងរួចមកហើយ ផ្លាស់ប្តូរបុគ្គលិកសិក្សា សាលាខាងលើ តែត្រូវអាក់ខានវិញ បន្ទាប់ពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស ជាច្រើនរយនាក់ ប្រមូលផ្តុំតវ៉ា ទាមទារសុំឱ្យរក្សាទុកគ្រូទាំងឱ្យនៅដដែល ហើយត្រូវបានអភិបាលខណ្ឌ លោក ហែម ដារិទ្ធ ចុះធ្វើការសម្របសម្រួល រក្សាភាពស្ងៀមស្ថាត់ និងរក្សាទុកគ្រូនៅធ្វើការដដែល ជាបណ្តោះអាសន្ន រង់ចាំមានការសម្រេចពី មន្ទីរ-ក្រសួងអប់រំ ។ តែរហូតមកដល់រសៀលថ្ងៃទី១២ ខែកុម្ភៈនេះ មន្ទីរអប់រំ ការិយាល័យអប់រំខណ្ឌ និងអាជ្ញាធរ មកធ្វើការសម្របសម្រួល ស្ទង់មតិ បុគ្គិកក្នុងសាលា នូវបញ្ហាកំណែទម្រង់ ដកគ្រូរ២នាក់ ធ្វើឱ្យបុគ្គលិក មិនពេញចិត្ត ត្បិតនាយករងទាំង២នាក់ ឈ្មោះ ខាត់ សេងលី និងឈ្មោះ កែវ គង់ សុទ្ធតែមានអតីតភាព តាំងពីអគារសិក្សា ប្រក់ស័ង្កសីមកម្ល៉េះ អនុស្សវរីយ៍ កើតមានឡើងសម្រាប់សាលារៀន ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានមានច្រើន ទើបលោកគ្រូអ្នកគ្រូ មិនពេញចិត្តនូវកំណែទម្រង់ របស់មន្ទីរអប់រំរាជធានីភ្នំពេញ ទាមទាររក្សាទុកគ្រូឱ្យនៅដដែល បើកដកសូមដកទាំង៣នាក់ ទើបពួកគាត់សុខចិត្ត ។
គួររំលឹកផងដែរថា កាលពីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ កន្លងមក នៅសាលាខាងលើ កើតបានបាតុភាព ផ្ទុះការតវ៉ា ទាមទាររក្សាទុកលោកគ្រូទាំង២នាក់ឱ្យនៅ បម្រើការងារ នៅសាលាដដែលម្តងរួចមកហើយ៕