(ភ្នំពេញ)៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយ សាប៊ូ អាល់កុល ជែល ត្រូវពាក់ម៉ាសឲ្យបានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា តាមការណែនាំរបស់ ក្រសួងសុខាភិបាល ។
ការអំពាវនាវនេះ ក្នុងឱកាសចែកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋខ្វះខាត២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់បឹងត្របែក។
លោក ថេង សុថុល ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
លោកប្រធានអនុសាខា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរសង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ រួមសហការគ្នាបន្ថែមទៀត ដោយបន្តជំរុញការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីបញ្ហាអនាម័យ អនុវត្តឲ្យបានម៉ឺងម៉ាត់ និងខិតខំយកចិត្តទុកដាក់ចំពោះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨ វិច្ឆិកា តាមចំណាត់ការណែនាំ និងការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ឲ្យមានប្រសិទ្ធភាព ដើម្បីយើងរួមគ្នាបង្ការ ទប់ស្កាត់កុំឲ្យមានជំងឺឆ្លង កូវីដ១៩ ចូលក្នុងសមាគមឲ្យបានដាច់ខាត។
នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឲ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្ត អាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។
លោក សុន សិទ្ឋី នាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស អាកុល ទឹកដោះគោ មី និងថវិកា២ម៉ឺនរៀល៕