(ព្រះសីហនុ)៖ រថយន្ដសង្គ្រោះបន្ទាន់ កំពុងដឹកសំណាកអ្នកធ្វើតេស្ដរកជំងឺកូវីដ-១៩ ចេញពីខេត្តព្រះសីហនុ សម្ដៅមករាជធានីភ្នំពេញ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿង ពណ៌ស ពាកផ្លាកលេខរដ្ឋ១២-២០៩១១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿងពីក្រោយ ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ រាម ទូច អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។
ប៉ុន្ដែអកុសលក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក់បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បច្ចុប្បន្នសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ចំពោះសំណាកអ្នកតេស្ដរកជំងឺកូវីដ-១៩នៅក្នុងរថយន្ដ មិនមានខូចខាត ឬបាត់បង់នោះទេ ពោលនៅក្នុងប្រអប់ដ៏ល្អ ហើយមានរថយន្តសង្រ្គោះយកទៅបន្ត ប៉ាស្ទ័រនៅភ្នំពេញ ដោយសុវត្ថិភាព៕