(កណ្ដាល)៖ លោកស្រី សុះ ម៉ះ អាយុ៦៦ឆ្នាំ ជាម្ដាយរបស់ជនរងគ្រោះឈ្មោះ យ៉េប សុគ្រី ដែលត្រូវមនុស្សមួយក្រុមព័ទ្ធសម្លាប់យ៉ាងសាហាវឃោរឃៅដោយសារយុវជនរូបនោះ បានលួចចេកគេចំនួន២ស្ទង បានដង្ហោយសុំស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំជូនដល់ក្រុមគ្រួសាររបស់ខ្លួន ក្រោយសមត្ថកិច្ច និងតុលាការ មិនបានឃាត់ខ្លួនជនដៃដល់ទាំងអស់នោះ ដាក់ពន្ធនាគារ។
ថ្លែងមកកាន់ភ្នាក់ងារ Fresh News នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រីបន្តថា បើសិនជាកូនគាត់លួចមែន យកគ្នាទៅអនុវត្តន៍តាមច្បាប់ចុះ តែមិនគួរណាមនុស្សមួយក្រុមព័ទ្ធសម្លាប់ ដោយកាប់ យ៉ាងសាហាវមកលើជនរងគ្រោះដោយប្រើវត្ថុរឹងផ្សេងៗ ហើយបន្តថា កូនគាត់មានកាំបិតតូចមួយនៅក្នុងដៃ, តើមានសមត្ថភាពឯណាទៅតដៃជាមួយពួកគេដែលមានទាំងច្រវា មានកាំបិតផ្គាក់នោះ?
គួរជម្រាបជូនថា លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០កន្កងទៅថ្មីៗ បានប្រាប់ភ្នាក់ងារ Fresh News ថា លោកស្រីព្រះរាជអាជ្ញារង ស៊ុន យ៉ឺត បានអនុញ្ញាតឲ្យប្រជាការពារឈ្មោះ ផុន សាន ដែលជាជនដៃដល់សម្លាប់ចោរលួចចេកត្រឡប់ទៅផ្ទះវិញ ព្រោះនេះជាការការពារខ្លួនស្របច្បាប់ ប៉ុន្តែដំណើរនីតិវិធីនៅបន្តដដែល។
ប្រជាការពាររូបនេះត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយវាយសម្លាប់ចោរម្នាក់ឈ្មោះ យ៉េប សុគ្រី បណ្ដាលរបួសពេញខ្លួន និងផុងលលាដ៍ក្បាលចេញខួរនៅក្នុងទឹកអូរ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ហើយត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនទៅតុលាការកាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមម្ដាយជនរងគ្រោះ លោកស្រី សុះ ម៉ះ អាយុ៦៦ឆ្នាំ បានប្រាប់កាលពីថ្ងៃទី២១ ខែវិច្ឆិកាថា កូនគាត់ពិតជាបានលួចចេកគេពិតមែន ប៉ុន្តែមិនគួរណាទៅសម្លាប់គ្នាដូច្នេះឡើយ ខុសត្រូវយ៉ាងណា គួរយកគ្នាទៅដាក់ពន្ធនាគារចុះ ហើយគាត់មានការស្លុតចិត្តយ៉ាងខ្លាំងព្រោះដ្បិតកូនគាត់បានប្រព្រឹត្តិខុសមែនពិត ប៉ុន្តែកូនគាត់មិនដែលបង្កើតទំនាស់ធំនោះទេ។
បើតាមការបញ្ជាក់ពីបងប្រុសជនរងគ្រោះ លោក យ៉ា ស្មាអេល ក៏បានឲ្យដឹងដែរថា លោកក៏មិនកាន់ជើងប្អូនគាត់ដែលលួចគេនោះដែរ ហើយគិតត្រឹមថា យ៉ាងហោចណាស់គេចាប់យកទៅ ដាក់ពន្ធនាគារ តែប៉ុណ្ណោះ ប៉ុន្តែមិនគិតដល់ថ្នាក់គេវាយសម្លាប់យ៉ាងសាហាវឃោរឃៅបែបនេះសោះឡើយ។
លោកបន្តថា នៅលើសាកសពពោរពេញទៅដោយស្នាមជាំរបួស ហើយផុងលលាដ៍ក្បាលហូរខួរចេញមកក្រៅ, ឈាមស្រោចខ្លួនគួរឱ្យអាសូរជាទីបំផុត ហើយថា ប្អូនគាត់កាន់កូនកាំបិតតូចមួយ នៅក្នុងទឹកដើម្បីការពារខ្លួនពីការវាយធ្វើបាបពីសំណាក់មួយមួយក្រុម តើឲ្យមានឱកាសឯណាទៅហ៊ានតដៃជាមួយមួយមនុស្សមួយហ្វូងដែលកំពុងវាយប្រហារមកលើខ្លួននោះ?
បើតាមមេប៉ុស្តិ៍សិត្បូ លោក ប៉ុក វិចិត្ត បានប្រាប់ថា ជនសង្ស័យបានតដៃពេលកំពុងតាមចាប់ខ្លួន ទើបឈានដល់ការជ្រុលដៃវាយសម្លាប់យ៉ាងដូច្នេះទៅ។
បន្ទាប់ពីជនរងគ្រោះបានស្លាប់បាត់ទៅហើយក៏ស្រាប់តែលេចមុខប្រជាជនចំនួន ៣៣នាក់ បានមកដាក់បណ្ដឹងប្ដឹងសាកសពដែលកន្លងមកធ្លាប់លួចផលដំណាំរបសយពួកគាត់ ដែលករណីនេះបង្កើតឲ្យមានមតិផ្សេងៗគ្នា ចំពោះករណីប្ដឹងសាកសពយ៉ាងដូច្នេះ។
គួរជម្រាបថា បុរសម្នាក់ យ៉េប សុគ្រី បានលួចចេកពងមាន់គេចំនួន២ស្ទងនៅសង្កាត់កោះអន្លង់ចិន បំណងលក់នៅសង្កាត់សិត្បូ ប៉ុន្តែត្រូវបានក្រុមប្រជាពលរដ្ឋ និងប្រជាការពារប្រដេញចាប់រត់ មកដល់ខាងក្រោយ រោងចក្រប្រឡាយ៦៤ ក្នុងភូមិពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង១២៖១០នាទីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០។ ជនសង្ស័យក៏រត់ចូលទឹកអូរនៅម្ដុំនោះ បំណងគេចចេញពីការចាប់ខ្លួន ប៉ុន្តែជាអកុសលក៏ត្រូវមនុស្សមួយក្រុមព័ទ្ធវាយសម្លាប់យ៉ាងសាហាវឃោរឃៅភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង៕