(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហាញនូវសន្ទុះរីកចម្រើនៃការចិញ្ចឹមសត្វរបស់កសិករជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា បាននិងកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវិដ-១៩។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ទាំងផ្នែកសាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីរួមចំណែកបង្កើតការងារ បង្កើត និងបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង។
លោកបន្តថា ជាក់ស្តែងផលិតកម្មចិញ្ចឹមសត្វទាំងជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧.៦០% ពី ៤២ ០២២ ១៣៧ក្បាលនៅឆ្នាំ២០១៩ កើនឡើងដល់ ៤៩ ៤២៣ ៥៥៨ក្បាល នៅឆ្នាំ២០២០នេះ។
លោករដ្ឋមន្ត្រីបន្ថែមថា ទន្ទឹមនឹងនេះ កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន ១២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុក ១៧ ១៣៤ ៥៨៨ក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥.៦០%។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១ ៣៣៩ ២១០ក្បាល កើនឡើង ១៥.៩០% បើធៀបនឹងឆ្នាំ២០១៩។ ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របីគឺមានសរុប ៥៤កន្លែង និងមានសត្វក្នុងស្តុកចំនួន ១២ ៩៧៤ក្បាលផងដែរ៕