(ក្រចេះ)៖ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបញ្ជាឱ្យមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍បន្តចុះផ្សព្វផ្សាយ ពង្រឹង និងជំរុញឱ្យម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល។
ការចុះអនុវត្តការងារបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រុមមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តក្រចេះខាងលើនេះ គឺផ្តោតសំខាន់ទៅលើការពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាតសុវត្ថិភាព ការចុះឈ្មោះភ្ញៀវ និងការរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វេសប្រហែសឡើយ។
ម្យ៉ាងវិញទៀត ការអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ខាងលើនេះ បានបន្តធ្វើជារឿយៗតាំងពីពេលមុនៗ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ហើយក៏នៅតែបន្តធ្វើទៅថ្ងៃមុនទៀតផងដែរ។
គួរបញ្ជាក់ថា ស្របពេលដែលប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញកំពុងបន្តស្ថិតក្នុងស្ថានភាពគំរាមកំហែងពីជំងឺឆ្លងនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះតែងតែខិតខំចុះពង្រឹងការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍មកជាហូរហែ ដោយមិនមានការធ្វេសប្រហែសឡើយ ដ្បិតតែខេត្តក្រចេះមិនទាន់ជាខេត្តដែលមានហានិភ័យលើការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក៏ដោយ៕