(ពោធិ៍សាត់)៖ នៅមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានរៀបចំមហាសន្និបាត និង បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តពោធិ៍សាត់ អាណត្តិ ៦ឆ្នាំ លើកទី៣ និង សមាជិកការិយាល័យ ក្រុមប្រឹក្សាសម្រាប់រយៈពេល២ឆ្នាំ លើកទី១ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា និង លោក ម៉ក់ រ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី មន្ត្រីសុខាភិបាល សរុបចំនួន ៦០នាក់ ។
បេក្ខជនឈរឈ្មោះក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្ត មានចំនួន ២៤រូប ក្នុងនោះត្រូវបានសមាជិកសមាជិកា មហាសន្និបាតបោះឆ្នោត និងផ្តល់សេចក្តីទុកចិត្ត ជ្រើសរើសយក ៩រូប ដែលមាន លោក តឹក សុភាព ជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តពោធិ៍សាត់ អាណត្តិ៦ឆ្នាំ លើកទី៣ ។ លោក តឹក សុភាព បានប្តេជ្ញាចិត្តថា ខិតខំដឹកនាំបន្តពីអាណត្តិមុន ឲ្យខានតែបាន ដូចជាពង្រឹងការចុះបញ្ជីគណៈគ្រូពេទ្យ ក្រមសីលធម៌វិជ្ជាជីវៈ ដល់គ្រូពេទ្យ វេជ្ជបណ្ឌិត សាមគ្គីសហការជាមួយស្ថាប័នពាក់ពន្ធ័ ក្នុងនោះមានគណៈទន្តពេទ្យ ឱសថការី ឆ្មប និង គណៈគិលានុប្បដ្ឋាក ដើម្បីពង្រឹងនូវគុណវុឌ្ឍ ក្នុងការផ្តល់សេវាជីវៈ វេជ្ជសាស្ត្រ ។
លោក ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក សាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា បានថ្លែងថា គោលបំណងនៃការរៀបចំមហាសន្និបាត គឺសំដៅរៀបចំ បោះឆ្នោតជ្រើសរើស សមាសភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យ នៅថ្នាក់ខេត្ត អាណត្តិថ្មី ដែលសមស្របតាមលក្ខន្តិកៈ ដែលបានចែងនៅក្នុងច្បាប់ របស់គណៈវិជ្ជាជីវៈវេជ្ជសាស្រ្ត ដើម្បីដឹកនាំ និងគ្រប់គ្រង ។ នេះគឺជាលទ្ធផលមួយ របស់មន្ទីរសុខាភិបាខេត្ត ដែលកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវបច្ចេវិទ្យា វេជ្ជសាស្រ្ត និងក្រមសីលធម៌ ឲ្យសមស្របទៅនឹងស្ថានភាពរបស់ខេត្ត ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានសុខភាពល្អ ជៀសវាងបាន នូវផលប៉ះពាល់ ដែលកើតមានលើអាជីវកម្មដ៏គ្រោះថ្នាក់នេះ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងក្នុងនាមអាជ្ញាធរខេត្ត លោកសូមផ្តាំផ្ញើដល់ក្រុមប្រឹក្សា គណៈគ្រូពេទ្យទើបតែជាប់ឆ្នោតថ្មី គ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងនូវគុណវុឌ្ឍ ដែលក្នុងនោះមានកម្រិតបច្ចេកទេសសមត្ថភាព ក្រមសីលធម៌ អាកប្បកិរិយា ដែលបាននឹងកំពុងបំពេញបេសកកម្ម បម្រើសេវាកម្មផ្នែកសុខភាព ទាំងសេវាសាធារណៈ និងសេវាឯកជន ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព គុណធម៌ សមធម៌ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលជាគោលការណ៍គ្រឹះ នៃវិស័យសុខាភិបាល ។
តាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គិតមកដល់ពេលនេះ មន្ទីរបានគ្របដណ្តប់ ដោយការិយាល័យ សុខាភិបាលប្រតិបត្តិ ចំនួន៤ មន្ទីរពេទ្យបង្អែក ចំនួន៤កន្លែង មណ្ឌលសុខភាព ៤០ និង ប៉ុស្តិ៍សុខភាព ២ ។ ចំពោះស្ថានភាពសេវាវិស័យសុខាភិបាល មានលក្ខណៈបច្ចេកទេស សមស្របក្នុងការបំពេញតម្រូវការ សុខភាពដល់អតិថិជន គឺបន្ទប់ពិគ្រោះជំងឺទូទៅមាន ៣៧កន្លែង បន្ទប់ថែទាំជំងឺ ១០៩កន្លែង បន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះ ៥៤កន្លែង បន្ទប់ពិគ្រោះព្យាបាល មាត់ធ្មេញ ១០កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺភ្នែក ៣កន្លែង បន្ទប់ពិសោធន៍វេជ្ជសាស្រ្ត ៦កន្លែង ឱសថស្ថាន ៣៧កន្លែង និង ឱសថស្ថានរង ១១កន្លែង ៕