(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខណ្ឌ បន្តអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ជាអភិបាលខណ្ឌ និងថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងក្រោមឱវាទ បានចុះចែកម៉ាសជូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ខាងមុខសាកលវិទ្យាល័យប៊ៀលប្រាយ និងធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ ដើម្បីរំលឹកដល់ពលរដ្ឋទូទៅឱ្យចូលរួមបង្ការ ទប់ស្កាត់ នូវជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា កុំឱ្យបន្តរីករាយដាលនៅក្នុងសហគមន៍។
ការចុះចែកម៉ាសជូនប្រជាពលរដ្ឋនេះដែរ គឺធ្វើឡើងក្រោយពីទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់រដ្ឋបាលខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រើប្រាស់គ្រប់យន្តការ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចុះចែកម៉ាស់ និងផ្សព្វផ្សាយអំពីវិធានការការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមសហគមន៍។
សូមបញ្ជាក់ថា ដើម្បីការពារជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាសចំនួន ៣លានម៉ាស ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពេលចាកចេញពីផ្ទះពាក់ម៉ាសលាងដៃសាប៊ូ និងអាល់កុល ឬជែល ត្រូវរស់នៅដោយមានអនាម័យគ្រប់គ្នា៕