(សៀមរាប)៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយវិធានការណែនាំរបស់ក្រសួងសុខាភិបាល ស្តីអំពីវិធានការបង្ការខ្លួនពីជំងឺកូវីដ១៩ និងបាននាំម៉ាស ជែលលាងដៃជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់តាមរយៈរដ្ឋបាលខេត្តសៀមរាប ចុះចែកជូនដល់ដៃប្រ ជាពលរដ្ឋនៅតាមបណ្តាសហគមន៍ អាជីវករអ្នករត់កង់បី អ្នករត់តាក់ស៊ី កងកម្លាំងទាំង៣ប្រភេទ ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពក្រុមប្រឹក្សា មន្ត្រីរាជការ ក្នុងស្រុកប្រាសាទបាគង ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩។
ការចុះផ្សព្វផ្សាយវិធានការណែនាំរបស់ក្រសួងសុខាភិបាល ស្តីអំពីវិធានការបង្ការខ្លួនពីជំងឺកូវីដ១៩ និងបាននាំម៉ាស ជែលលាងដៃជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចុះចែកជូននេះដែរ ក៏ដើម្បីរំលឹកដល់ពលរដ្ឋទូទៅឲ្យចូលរួម បង្ការ ទប់ស្កាត់ ជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា ។
លោក សូរ ប្លាតុង បានថ្លែងដែរថា ជំនួសមុខឱ្យប្រជាពលរដ្ឋក្រុមប្រឹក្សា មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ ទូទាំងស្រុកប្រាសាទបាគង សូមគោរពថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែង គ្រប់កាលៈទេសៈជាពិសេសក្នុងគ្រាលំបាកនេះ ដែលបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ដល់ទឹកចិត្តដ៏ធំធេងរបស់សម្តេចទ្វេដងថែមទៀត។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៧នាក់៕