(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងនិងពង្រីក ទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់យ៉ាងដូចនេះ ក្នុងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លើកទី១១ (11th International Infrastructure Investment and Construction Forum) ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២០។
ក្នុងសុន្ទរកថានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងទៀតថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈម នឹងតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺតម្រូវឲ្យស្វែងរកប្រភពហិរញ្ញប្បទានពីបណ្តាដៃគូអភិវឌ្ឍនានារួមមានដូចជា គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» «ខ្សែក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រ» «វិថីសូត្រតាមផ្លូវសមុទ្រនៅសតវត្សទី២១» លើសពីនេះទៀត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន (Asian Infrastructure Investment Bank-AIIB) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕