(ភ្នំពេញ)៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការបន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលយុទ្ធនាការនេះ ទទួលបានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. រាជធានី-ខេត្តទាំង២៥។
ចាប់តាំងពីខែមីនា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងចលនារួមរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
យុទ្ធនាការនេះ មានជាសកម្មភាពដូចជា៖
*ទី១៖ ផ្សព្វផ្សាយ អប់រំ និងណែនាំពីវិធានការការពារពីជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមូលដ្ឋានតាមគ្រប់លទ្ធភាព និងគ្រប់មធ្យោបាយរួមមាន៖ ការផ្សាយសារអប់រំតាមឧគ្ឃោសនស័ព្ទចល័ត ការចងបដាតាមទីសាធារណៈ ការចែក-បិទខិត្តបណ្ណ និងការចែកសម្ភារ ដល់បណ្តាអង្គភាពពាក់ព័ន្ធនានា សម្រាប់ប្រើប្រាស់ក្នុងការចុះអនុវត្តយុទ្ធនាការ
*ទី២៖ ចុះសួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះ ក្នុងអំឡុងជំងឺកូវីដ-១៩ ព្រមទាំងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈ និងរៀបចំទីតាំងចត្តាឡីស័កជាដើម។
ដើម្បីជំរុញឲ្យយុទ្ធនាការនេះ ឲ្យប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. នារយៈកាលកន្លងមក បានឧបត្ថម្ភគាំទ្រ ទាំងកម្លាំង និងស្មារតី ក៏ដូចជាកញ្ចប់ថវិកា និងសម្ភារចាំបាច់នានារួមមាន ម៉ាស់ ជែលលាងដៃ និងបដាផ្សព្វផ្សាយផ្សេងៗ ជូនដល់គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្តទាំង២៥ សម្រាប់ប្រើប្រាស់ ក្នុងការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។
គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តាមរយៈមូលនិធិ ស.ស.យ.ក ក៏ដូចជាតាមរយៈការចូលរួមឧបត្ថម្ភពីបណ្តាសប្បុរសជន និងដៃគូរសហការនានា គ្រោងនឹងឧបត្ថម្ភសម្ភារបន្ថែមសម្រាប់ជំហានបន្ទាប់ ដែលសម្ភារទាំងនោះ សរុបរួមមាន៖ ម៉ាស់ចំនួន៥០ម៉ឺនម៉ាស់, សាប៊ូលាងដៃ ១០,៨០០ដុំ និងបដាអប់រំផ្សព្វផ្សាយចំនួន ៣,០០០បដា ដើម្បីបន្តយុទ្ធនាការនេះទូទាំងប្រទេស។
ទន្ទឹមនឹងការទទួលស្គាល់ និងថ្លែងអំណរគុណ ចំពោះសកម្មភាពយ៉ាងផុសផុលរបស់សមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្តរបស់ខ្លួនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការអនុវត្តយុទ្ធនាការកន្លងមក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានជំរុញ និងលើកទឹកចិត្តសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ឲ្យបន្តការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ជាពិសេសនៅតាមទីប្រជុំជន សាលារៀន និងផ្សារជាដើម ដើម្បីធ្វើយ៉ាងណាឲ្យវិសាលភាព នៃការផ្សព្វផ្សាយនេះ បានជ្រួតជ្រាបទៅដល់មូលដ្ឋាននានាទូទាំងប្រទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួររំលឹកផងដែរថា ក្នុងស្មារតីនៃការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សហភាពសហព័ន្ធយុវជនកម្ពុជា កន្លងមក ក៏បានឧបត្ថម្ភជាសម្ភារចាំបាច់ជូនដល់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួនពីរដំណាក់កាល ដែលសម្ភារសរុបរួមមាន ម៉ាស់ចំនួន ១២,០៤០ម៉ាស់, សម្លៀកបំពាក់វេជ្ជសាស្រ្តការពារ ចំនួន៣,៥០០កំប្លេ, មួកវេជ្ជសាស្រ្តការពារចំនួន ២,០០០កំប្លេ និងជែលលាងដៃចំនួន១,២៥០ដប។
ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនភេសជ្ជកូកាកូឡា ដើម្បីចុះធ្វើការផ្សព្វផ្សាយ អប់រំ និងបែងចែកសម្ភារជូនបណ្តាអង្គភាព និងរដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរសុខាភិបាល ចំណុះរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕