(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមយកសំណាក អ្នកដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គួរជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមប្រកាសដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចទៅធ្វើតេសលើកទី២ នៅទីតាំង២កន្លែងទី១៖ នៅក្នុងក្រសួងមហាផ្ទៃ និងទី២៖ នៅស្តាតអូឡាំពិក។
លោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ឲ្យដឹងថា «សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល សូមអញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមទីតាំងដែលបានកំណត់សម្រាប់រាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ និងទីលានស្តាតអូឡាំពិក។
សូមជំរាបថា ក្រសួងសុខាភិបាល បានកំណត់ការធ្វើតេស្តលើកទី១ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត៕