(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំមេធាវីប្រចាំមូលដ្ឋានរៀងៗខ្លួន ដើម្បីជួយផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ និងជួយការពារផលប្រយោជន៍ឱ្យរដ្ឋបាលរាជធានី-ខេត្ត នៅពេលមានបណ្តឹងតវ៉ា ឬបណ្តឹងព្រហ្មទណ្ឌ។
តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្រ្តី អូនព័ន្ធ មុន្នីរ័ត្ន និងប្រធានគណៈមេធាវី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖
*ទី១៖ រៀបចំក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត ចំនួនចាប់ពី ២នាក់ដល់ ៤នាក់ ដើម្បីផ្តល់យោបល់ផ្នែកច្បាប់ និងជួយការពារផលប្រយោជន៍ឱ្យរដ្ឋបាលរាជធានី-ខេត្ត នៅពេលមានបណ្តឹងតវ៉ា ឬបណ្តឹងព្រហ្មទណ្ឌណាមួយកើតឡើង។
*ទី២៖ ប្រើប្រាស់ថវិការបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីជួយឧបត្ថម្ភក្រុមមេធាវីក្នុងចំនួនចន្លោះពី ១ ០០០ ០០០រៀល ទៅ ១ ២០០ ០០០ រៀលក្នុងម្នាក់ក្នុងមួយខែ។
គណៈមេធាវីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់សេចក្តីទុកចិត្តដល់គណៈមេធាវី និងបានប្រគល់ភារកិច្ច ដ៏ឧដុង្គឧត្តមនេះ ជូនគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសហការរៀបចំឱ្យមានក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តនេះ៕