(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានប្រគល់ទឹកជែល អាល់កុល ជូនដល់រដ្ឋបាលឃុំសង្កាត់សរុប៩៣ និងមណ្ឌលសុខភាពចំនួន៦៤ និងមន្ទីរពេទ្យបង្អែកចំនួន៥ ក្នុងទូទាំងខេត្តកំពត។
ពិធីប្រគល់នេះ ធ្វើឡើងនៅសាលាខេត្តកំពត នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដោយការប្រគល់ និងទទួលនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ។
លោក ជាវ តាយ បានលើកឡើងថា ការប្រគល់ទឹកអាកុលជែល សម្រាប់លាងដៃ សរុបចំនួន១៨២កេស ស្មើនឹង៤៥៥០ដប ដែលជាអំណោយរបស់សប្បុរសជននៃក្រុមហ៊ុន សារ៉ាយា (ខេមបូឌា) ខូអិលធីឌី ផ្ដល់ជូនរដ្ឋបាលខេត្ត ក្នុងគោលដៅរួមចំណែកបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពត។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជន នៃក្រុមហ៊ុន សារ៉ាយា (ខេមបូឌា) ខូអិលធីឌី ជប៉ុន ដែលបានផ្ដល់អំណោយ ទឹកអាកុលជែលលាងដៃ ជូនដល់រដ្ឋបាលខេត្ត ដោយរូបលោក ក្នុងនាមរដ្ឋបាលខេត្ត បានចាត់ទុកជាកាយវិការមនុស្សធម៌ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល។
ពិសេសរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងសកល បាននិងកំពុងរាតត្បាតក្នុងពិភពលោក ហើយក៏នៅមិនទាន់ធូរស្បើយ និងពុំទាន់មានថ្នាំព្យាបាលនៅឡើយ។
លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តគ្រប់លំដាប់ថ្នាក់ នារយៈពេលកន្លងមក ដែលតែងបានខិតខំ យកចិត្តទុកដាក់សហការគ្នា ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ដោយមិនមានការឆ្លងចូលដល់ក្នុងសហគមន៍ក្នុងខេត្តកំពតឡើយ។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាលខេត្តកំពតទាំងអស់ឲ្យបន្តយកចិត្តទុកដាក់រួមសហការគ្នា ក្នុងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បញ្ហាអនាម័យ បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ឲ្យបានល្អបន្ថែមទៀត។
ពិសេសក្រោយពីទទួលបានទឹកអាកុលជែលនេះទៅ ត្រូវយកទៅធ្វើការបែកចែកដល់ឃុំសង្កាត់ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឲ្យបានប្រើប្រាស់ចំគោលដៅ ដើម្បីយើងរួមគ្នា ប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាជំងឺសកល ស្របទៅតាមការអំពាវនាវណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ពោលកុំឱ្យមានការឆ្លងចូលក្នុងសមាគមដោយឡែក ក្នុងខេត្តកំពតឲ្យបានជាដាច់ខាត៕