(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានក្រើនរំឮក និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុប្រយ័ត្នខ្ពស់ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិធានការការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ ដែលពាក់ព័ន្ធព្រឹត្តការណ៍ ២៨ វិច្ឆិកា។
ការក្រើនរំឮកបែបនេះរបស់លោកស្រី មិថុនា ភូថង បានធ្វើឡើងនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងឱកាសដែលលោកស្រី បានដឹកនាំក្រុមការងារចំសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ចំនួន ៣០នាក់ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមពីលោក ប្រាក់ វិចិត្រ អភិបាលស្រុលមណ្ឌលសីមា និងសមាជិកសមាជិការរបស់សាខា និងអនុសាខាកាកបាទក្រហមមួយចំនួនផងដែរ។
ក្នុងឱកាសនេះ លោកស្រី មិថុនា ភូថង បានអានសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាព ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។
លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងថែរក្សាអនាម័យបរិស្ថានក្រុមគ្រួសារដោយខ្លួនឯងឱ្យខ្ជាប់ខ្ជួន ដើម្បីការពារនៃការឆ្លងជំងឺកូវីដ-១៩ ដ៏សាហាវមួយនេះ។
អំណោយទាំងនោះមានដូចជា៖ អង្ករ ២៥គីឡូក្រាម, មីម៉ាម៉ា ១កេស, ត្រីខ ១ឡូ, ទឹកសុទ្ធ១កេស, សាប៊ូដុះខ្លួន ៤ដុំ, ថ្នាំបាញ់មូស ២កំប៉ុង, ម៉ាស អាយឺត និងថវិកា ៨០,០០០រៀល ផងដែរ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់៕