Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត៖ ប្រមុខរាជរដ្ឋាភិបាល ខិតខំដោះស្រាយតំរូវការ ជូនប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ

12-02-2016 16:10

(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល បានខិតខំដោះស្រាយតំរូវការ ជូនប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស ដែលលោក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបុណ្យឆ្លងផ្លូវថ្នល់ និងសមិទ្ធិផលនានាវត្តព្រហ្មឧត្តមទួលបី ស្ថិតនៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា «ជាការពិតណាស់ យើងមិនអាចដោះស្រាយបញ្ហាបាន១០០% និងលឿនឲ្យដូចគេជប់នោះទេ ប៉ុន្តែយើងបាននិងកំពុងដោះស្រាយ បញ្ហាប្រឈមក្នុងនោះដូចជាការលើកកម្ពស់កំរិត ជីវភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការបម្រើសេវាសាធារណៈ និងតម្រូវការផ្សេងៗ»

លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ហ្វេសប៊ុក (Facebook) គឺចង់ដឹងពីតំរូវការរបស់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយតាមលទ្ធភាព និងតាមរយៈស្ថាប័នជំនាញ ឲ្យចំគោលដៅតាមគ្រប់មធ្យោបាយ ដែលទាំងអស់នេះយើងត្រូវធ្វើ ចំពោះប្រជាពលរដ្ឋដែលបានបានទុកចិត្ត និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស។

លោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរប្រជាពលរដ្ឋស្រុកកងមាស ដែលបានទទួល ផ្លូវថ្នល់ថ្មី និងសមិទ្ធិផលនានា នៅក្នុងមូលដ្ឋាននេះ ដែលពីមុនទីនេះ គឺជាកន្លែងមានសង្រ្គាម ហើយបច្ចុប្បន្ន គឺជាទីកន្លែងដែលមានសន្តិភាព និងការអភិវឌ្ឍ៕