(ស្វាយរៀង)៖ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែង។
លោក តូច ប៉ូលីវ៉ា បានឱ្យដឹងថា អាជ្ញាធរខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ បានអនុវត្តវិធានការសុខាភិបាលយ៉ាងយកចិត្តទុកដាក់ ដោយបានរៀបចំកន្លែងធ្វើចត្តាឡីស័ក សម្រាប់ប្រជាពលរដ្ឋដែល បានពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨ វិច្ឆិកា សូមស្ម័គ្រចិត្តមកឱ្យក្រុមគ្រូពេទ្យយកសំណាក ដើម្បីពិនិត្យរកជំងឺកូវីដ-១៩ ដែលមានទីកន្លែងពនិត្យនៅជិតបំផុត។ ក្នុងនោះអាជ្ញាធរ និងមន្ត្រីជំនាញ បានរៀបចំមណ្ឌលចត្តាឡីស័កចំនួនមាន ៥កន្លែង។
មណ្ឌលសម្រាប់ធ្វើចត្តាឡីកស័កទាំង៥កន្លែងរួមមាន៖
*ទី១៖ មណ្ឌលចត្តាឡីស័កថ្នាក់ខេត្តស្រុករមាសហែក (ការិយាល័យកសិកម្មស្រុក)
*ទី២៖ មណ្ឌលចត្តាឡីស័កថ្នាក់ខេត្តស្រុកស្វាយជ្រំ (ការិយាល័យកសិកម្មស្រុក)
*ទី៣៖ មណ្ឌលចត្តាឡីស័កក្រុងបាវិត (សណ្ឋាគារ អ៉ឹម ម៊ីហៀង)
*ទី៤៖ មណ្ឌលចត្តាឡីស័កក្រុងស្រុកស្វាយរៀង (ផ្ទះសំណាក់គ្រូបង្រៀន)
*ទី៥៖ មណ្ឌលចត្តាឡីស័កស្រុកកំពង់រោទិ៍ (សាលាបឋមសិក្សាព្រៃស្ទៀង)។
លោកបានបន្ថែមថា សម្រាប់បងប្អូនដែលចង់ពិគ្រោះយោបល់ និងមានការសង្ស័យ ចង់ធ្វើតេស្តសំណាក សូមទំនាក់ទំនងតាមទីតាំងដូចខាងក្រោម៖
*ទី១៖ ក្រុងស្វាយរៀង នៅមន្ទីរពេទ្យបង្អែកស្វាយរៀង 012 953 975/ 088 477 7765
*ទី២៖ ស្រុកស្វាយជ្រំ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ 077 929 213/ 088 732 4346
*ទី៣៖ ស្រុករមាសហែក នៅមន្ទីរពេទ្យបង្អែករមាសហែក 012 308 561
*ទី៤៖ ក្រុងបាវិត និងស្រុកចន្ទ្រា នៅមណ្ឌលសុខភាពបាវិត ឬមណ្ឌលសុខភាពមេសថ្ងក 012 977 561/ 089 937 846
*ទី៥៖ ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុករំដួល នៅមន្ទីរពេទ្យបង្អែកស្វាយទាប ឬមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល 097 335 3392/ 097 861 9991៕
ជាមួយគ្នានេះដែរ លោក តូច ប៉ូលីវ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ថ្ងៃ២៨ វិច្ឆិកា ដូចជាបានទៅផ្សារអុីអន១ និងទៅកន្លែងពាក់ពន្ធ័មួយចំនួនទៀត សូមចូលរួមសហការមកពិនិត្យសំណាកដោយទី១៖ ត្រូវពិនិត្យសំណាក, ទី២៖ បន្តដាក់ចត្តាឡីស័ក។
លោកបានបន្តថា ទាំងអស់នេះ គឺមានការយកទុកដាក់ខ្ពស់ពីលោកអភិបាលខេត្តស្វាយរៀង បានណែនាំអាជ្ញាធរ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀត គឺធ្វើយ៉ាងណាមិនឱ្យប្រជាពលរដ្ឋខេត្តស្វាយរៀង ឆ្លងជំងឺកូវីដ-១៩ឡើយ គឺត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យធ្វើអនាម័យជាប្រចាំដូចជាការលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ជែល ពាក់ម៉ាស និងនៅគម្លាតគ្នា ព្រមទាំងត្រូវផ្អាកការជួបជុំគ្នាដែលមានមនុស្សច្រើនជាដើម៕