(ព្រះសីហនុ)៖ ជារូបភាពថ្មី ជនសង្ស័យមួយក្រុមធ្វើសកម្មភាពកាប់កម៉ូតូបានសម្រេច រួចលើកដាក់លើរថយន្ដដើម្បីបន្លំភ្នែកសមត្ថកិច្ចនៅពេលរត់គេចខ្លួន តែមិនបានសម្រេចដដែល ចុងក្រោយកម្លាំងជំនាញតាមទាន់ រត់ចោលទាំងរថយន្ដ និងម៉ូតូដែលលួចបាន។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងចូលទៅភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលដំណឹងភ្លាមពីប្រជាពលរដ្ឋ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ឃើញជនសង្ស័យម្នាក់ កំពុងលើក ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ដាក់ចូលក្នុងរថយន្តបម្រុងបើកចេញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចភ្លាម ជនសង្ស័យបានរត់ថ្មើជើងចូលទៅក្នុងព្រៃគេចខ្លួនបាត់។
ក្នុងនោះបន្សល់ទុក រថយន្ត០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ទឹកប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងមានម៉ូតូ ០១គ្រឿង ដែលជនសង្ស័យលួចបាន ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខព្រះសីហនុ1T-5150 នៅក្នុងរថយន្តដែលជនសង្ស័យ ជិះធ្វើសកម្មភាព។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យនៅក្នុងរថយន្ត រកឃើញកាបូបលុយរបស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណ របស់ជនសង្ស័យមួយសន្លឹក មានឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត០៦-១០-១៩៩២ អាស័យដ្ឋានបច្ចុប្បន្នខណ្ឌដូនពេញ សង្កាត់ផ្សាថ្មីបី រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវ និងបន្ដនីតិវិធី៕