(ភ្នំពេញ)៖ ផ្លូវដែលរងការខូចខាតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បើគិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានធ្វើការជួសជុលឡើងវិញរួចរាល់ជាស្ថាពរហើយ ដោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បន្ទាប់ពីលោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថា មានជង្ហុគតូច-ធំ កើតមានជា (សំបុកមាន់) ដែលពិបាកក្នុងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កានូវគ្រោះថ្នាក់ចរាចរណ៍ និងអាចរួមចំណែកកាត់បន្ថយលើការចំណាយ ថវិការបស់ជាតិ។
លោក ជា ពិសី បញ្ជាក់ថា ការនាំយកសម្ភារសំណង់មានថ្មគ្រោះ ខ្សាច់ និងស៉ីម៉ង់ មកចាក់បេតុងក្រាលជួសជុលផ្លូវលប់បំបាត់ជង្គុកតូចធំ (សំបុកមាន់) គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហានៗ និងបន្តធ្វើឥតឈប់ឈរឡើយ និងជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ ក៏ត្រូវតែធ្វើទៅតាមលទ្ធភាព ព្រោះជាសេវាតម្រូវការចាំបាច់។
លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ទៀតថា ការសម្រេចធ្វើការជួសជុលផ្លូវដែលរងការខូចខាតនូវមួយអន្លើ ជាបន្តបន្ទាប់នេះ, ក្នុងនាមអាជ្ញាធរ ក្រៅពីរួមចំណែកបង្កាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ គឺបង្កាកុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះ ក៏ដូចជារួមចំណែកកាត់បន្ថយលើការចំណាយថវិការបស់ជាតិ ដើម្បីស្របតាមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»៕