(ភ្នំពេញ)៖ តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គ- រាជទូតកម្ពុជាប្រចាំ ប្រទេសជប៉ុន បានចុះទៅអន្តរាគមន៍ជួយដោះស្រាយបញ្ហា របស់កម្មសិក្សាការីកម្ពុជា នៅតាមរោងចក្រអ៊ុតខោអាវ ចំនួន០៣កន្លែងផ្សេងៗគ្នា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅខេត្ត Gifu ប្រទេសជប៉ុន នេះបើយោងតាមសេចក្តីជូនដំណឹង ពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី នៅរសៀលថ្ងៃសុក្រនេះ។

១- រោងចក្រ A.P Logistic និង Carry On៖

មានកម្មសិក្សាការីកម្ពុជាចំនួន១៦នាក់។ តាមសំណូមពររបស់កម្មសិក្សាការី ស្ថានទូត បានពិភាក្សាដោះស្រាយជាមួយ ថៅកែរោងចក្រលើបញ្ហា៖

-ស្នើគណនាប្រាក់បៀវត្សរ៍អោយបានត្រឹមត្រូវ ដែលកន្លងមកមានភាពលម្អៀងគ្នា

-បញ្ចុះតម្លៃបន្ទប់ស្នាក់នៅ

-បញ្ចុះតម្លៃទឹក-ភ្លើង និង បញ្ចុះតម្លៃសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

សំណើទាំង៤ចំណុចនេះ ត្រូវបានថៅកែរោងចក្រសន្យានឹងពិចារណារួចផ្ដល់ចម្លើយ ជូនក្នុងពេលឆាប់ៗនេះ។

កន្លងមកស្ថានទូត ធ្លាប់បានដោះស្រាយជាមួយប្រធានរោងចក្រ ស្នើតម្លើងប្រាក់បៀវត្សរ៍ ដោយសុំធ្វើការតែ៨ម៉ោង ក្នុង១ថ្ងៃ និងការសុំឈប់សម្រាកការងារ នៅថ្ងៃអាទិត្យ។ ធ្វើការថែម ម៉ោងតាមការស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំ។

២- រោងចក្រ F.P.H៖

មានកម្មសិក្សាការីកម្ពុជាចំនួន ១០នាក់។ តាមសំណើរបស់កម្មសិក្សាការី ស្ថានទូតធ្លាប់ បានជួយដោះស្រាយម្តងរួចហើយ ដោយរោងចក្របានឯកភាព តម្លើងប្រាក់ថែមម៉ោងតាមសំណើ ប៉ុន្តែដោយការថែមម៉ោងមានចំនួនច្រើនពេក កម្មសិក្សាការីស្នើសុំអោយស្ថានទូត ជួយដោះស្រាយ ជាមួយថៅកែរោងចក្រម្តងទៀត។

បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយស្ថានទូត ថៅកែរោងចក្របានឯកភាពជាគោលការណ៍ ដោយអោយប្ដូរវេនគ្នាឈប់សម្រាក មិនថែមម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់អនុវត្ត ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦ តទៅ។

៣- រោងចក្រ Aikawa៖

មានកម្មសិក្សាការីកម្ពុជាចំនួន ១១នាក់។ តាមសំណើរបស់កម្មសិក្សាការី ស្ថានទូតបាន ជួយដោះស្រាយនូវបញ្ហាមួយចំនួនមានជាអាទិ៍៖

-ស្នើឈប់សម្រាកនៅថ្ងៃអាទិត្យ និងម៉ោងធ្វើការពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច (បើថែមម៉ោងត្រឹមម៉ោង១០យប់)។ ចំពោះការថែមម៉ោង ត្រូវគោរពតាមការស្ម័គ្រចិត្ត របស់កម្មសិក្សាការី ដោយគ្មានការបង្ខិតបង្ខំ។

-ស្នើសុំតម្លើងប្រាក់ថែមម៉ោង សម្រាប់កម្មសិក្សាការីឆ្នាំទី១ ឆ្នាំទី២ និងឆ្នាំទី៣។

សំណើទាំងនេះ ត្រូវបានថៅកែរោងចក្រឯកភាព ជាគោលការណ៍រួចហើយ៕