(ភ្នំពេញ)៖ វិទ្យុបារាំងអន្តរជាតិនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅលើអគារកាណាឌីយ៉ា រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសផ្អាកការផ្សាយរបស់ខ្លួនមួយរយៈ បន្ទាប់ពីក្រសួងសុខាភិបាល បានសម្រេចបិទអគារកាណាឌីយ៉ា នៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីវិជ្ជមាននៃមេរោគកូវីដ១៩ លើពលរដ្ឋខ្មែរម្នាក់ ដែលធ្វើការនៅក្នុងអគារនេះ។ នេះបើតាមការប្រកាសរបស់វិទ្យុបារាំង នៅលើទំព័រ Facebook។
វិទ្យុបារាំង បានជូនដំណឹងយ៉ាងដូច្នេះថា៖ «ដីជូនដំណឹង៖ វិទ្យុបារាំងអន្តរជាតិ RFI សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីត-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ»។
វិទ្យុបារាំងអន្តរជាតិ RFI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់របស់ប្រិយមិត្តរបស់ខ្លួន។ ចំពោះការវិលត្រឡប់មកផ្សាយដូចធម្មតាវិញ វិទ្យុនេះនឹងជូនដំណឹងដល់នាពេលក្រោយទៀត។
សូមបញ្ជាក់ថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាលសូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News ដោយសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។
លោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ប្រាប់ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការពាក់ម៉ាសជាការចាំបាច់បំផុតនៅពេលធ្វើដំណើរចេញក្រៅ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕