(ភ្នំពេញ)៖ លោកកត្តិនីតិកោសល បណ្ឌិត អ៉ឺម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (Association des Cours constitutionnelles francophones-ACCF) តាមរយៈ Video conference ដែលកិច្ចប្រជុំនេះ ធ្វើនៅទីក្រុងម៉ុងរ៉េអាល់ប្រទេស កាណាដា។
ក្នុងកិច្ចប្រជុំតាមរយៈ Video conference នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចែកជា ៤ក្រុម ដែលក្រុមនីមួយៗ មានសមាជិកមិនលើសពី០៦រូប និងបានគោរពយ៉ាងម៉ឺងម៉ាត់ តាមវិធានការថែរក្សាអនាម័យ និងសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន១០៖ ទី១៖ការអនុម័តសេចក្តីព្រាងរបៀបវារៈ, ទី២៖ការអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍ នៅខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០១៨, ទី៣៖ការបូកសរុបលទ្ធផលសកម្មភាពការងារសមាគម ACCF, ទី៤៖ហិរញ្ញវត្ថុរបស់សមាគម ACCF, ទី៥៖វេបសាយរបស់សមាគម ACCF, ទី៦៖សកម្មភាពរបស់សមាគមក្នុងសម័យ កាលកូវីដ-១៩, ទី៧៖ការត្រៀមរៀបចំកិច្ចប្រជុំបន្ទាប់ នៃសមាគម ACCF, ទី៨៖កិច្ចសហប្រតិបត្តិការជាមួយ អង្គការអន្តរជាតិហ្រង់កូ ហ្វូនី (OIF), ទី៩៖ពិភាក្សាពីកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរបស់សមាគម ACCF ជាមួយសន្និសីទយុត្តាធិការធម្មនុញ្ញអាហ្រ្វិក (CJCA) និងទី១០៖បញ្ហាផ្សេងៗ។
គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមាគមត្រូវរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់ខ្លួន នៅតាមបណ្តាប្រទេសជាសមាជិកអចិន្ត្រៃយ៍។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ដោយបញ្ហាការរីករាលដាល នៃជំងឺ Covid-19 សមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន បានសម្រេចធ្វើការប្រជុំតាមរយៈ Vidéo conference ដោយមានការចូលរួមពីគ្រប់សមាជិកភាពទាំងអស់ នៃសមាគម។
សមាគម ACCF នេះដែលទើបតែប្តូរពីឈ្មោះ ACCPUF នៅឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមប្រឹក្សាធម្មនុញ្ញ នៃប្រទេសបារាំង។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានក្លាយជាសមាជិក នៃសមាគម ACCF ក្នុងឆ្នាំ១៩៩៨។ បច្ចុប្បន្នសមាគម ACCF មានសមាជិកសរុបចំនួន ៤៨ប្រទេស ដែលសុទ្ធសឹងតែជាប្រទេសដែលនិយាយភាសាបារាំង៕