(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងថា គណបក្សសង្រ្គោះជាតិឈ្នះឆ្នោត លោកនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់អាណត្តិនាយករដ្ឋមន្រ្តី ពោលបុគ្គលម្នាក់អាចគ្រងតំណែងនាយករដ្ឋមន្រ្តី បានត្រឹមពីរអាណត្តិប៉ុណ្ណោះ។
ថ្លែងទៅកាន់អ្នកគាំទ្រនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០ ១៦នេះ លោក កឹម សុខា បានបញ្ជាក់ថា «នៅពេលដែលយើងឈ្នះឆ្នោតទៅដឹកនាំប្រទេស យើងនឹងកែរដ្ឋធម្មនុញ្ញឲ្យអ្នកដឹកនាំប្រទេសសំខាន់ៗ ដឹកនាំប្រទេសយ៉ាងយូរតែពីរអាណត្តិ បានហើយកុំឲ្យដុះស្លែ»។
លោក កឹម សុខា ក៏បានប្រកាសបង្ហាញពីការផ្លាស់ប្តូរសមាសភាពមន្រ្តីក្នុងបក្ស ដែលមានវ័យចំណាស់ចេញ ដាក់ជំនួសដោយយុវជន ជំនាន់ក្រោយផងដែរ។ នៅក្នុងជំនួបជាមួយអ្នកគាំទ្រនាព្រឹកនេះ លោក កឹម សុខា ក៏បានបង្ហាញពីជំហររបស់គណបក្សសង្រ្គោះជាតិ អំពីការឆ្ពោះទៅរកការ ផ្លាស់ប្តូរតាមរយៈការបោះឆ្នោត ដោយមិនមានការធ្វើបាតុកម្ម ឬបដិវត្តអ្វីទាំងអស់៕