(សេអ៊ូល)៖ ស្ថានការណ៍រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាន់តែអាក្រក់ឡើងហើយ ឈានចូលដល់ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ ដោយប្រព័ន្ធទូរស័ព្ទ សម្រាប់ធ្វើទំនាក់ទំនង​រវាងកូរ៉េទាំង​ពីរកន្លងមកត្រូវបានកាត់ ផ្តាច់ទាំងស្រុង ដែលវាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានសម្រេចបណ្តេញជនជាតិកូរ៉េខាងត្បូងទាំងអស់ ចេញពីតំបន់សេដ្ឋកិច្ចពិសេស កែសង (Kaesong) កាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក មូន សាង-គ្យុន (Moon Sang-gyun) ថ្លែងនៅថ្ងៃសុក្រ នេះទៀតថា ការផ្តាច់ប្រព័ន្ធ​ទំនាក់​ទំនង​តាមទូរស័ព្ទទាំងអស់រវាង កូរ៉េទាំងពីរនេះ គឺភាគីកូរ៉េខាងជើងជាអ្នកបង្កឡើង បន្ទាប់ពីការបិទតំបន់កែសង។

ការសម្រេចរបស់ទីក្រុងព្យុងយ៉ាងបែបនេះ បានកើតឡើងបន្ទាប់ពី ទីក្រុងសេអ៊ូល បានប្រកាសបិទតំបន់សេដ្ឋកិច្ច ពិសេសរួមគ្នា កែសង កាលពីថ្ងៃពុធ ឆ្លើយតបទៅនឹងការធ្វើតែស្តគ្រាប់ រ៉ុក្កែត រយៈចម្ងាយឆ្ងាយ កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅនេះ។ ដោយឡែកសូម្បីតែទំនាក់ទំនងរវាងកាកបាតក្រហម ប្រទេសទាំងពីរក៏ត្រូវបានកាត់ផ្តាច់ផងដែរ៕