(តូក្យូ)៖ គណបក្ស LDP កំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) បានជួប ប្រទះបញ្ហាធំមួយទៀតមុនការបោះឆ្នោតមកដល់ គឺលោក កេនស៊ូកេ មីយ៉ាសាគិ (Kensyke Miyazaki) ដែលជាសមាជិកសភារបស់ខ្លួនមួយរូប នឹងត្រូវលាលែងចេញពីតំណែង បន្ទាប់ពីលោកបានទទួលស្គាល់ថាខ្លួន ពិតជាបានក្បត់ប្រពន្ធ ដែលកំពុងមានផ្ទៃពោះ រួចលួចលាក់រួមរ័កជាមួយនឹងតារាម៉ូដែលម្នាក់ពិតមែន។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះទៀតថា លោក មីយ៉ាសាគិ វ័យ ៣៥ឆ្នាំ ជាសមាជិករដ្ឋសភា មកពីគណបក្សកាន់អំណាច LDP បានសារភាពចំពោះបទចោទប្រកាន់រួចទៅហើយ ដោយលោក ទទួលស្គាល់ថាទង្វើកន្លងមក ពិតជាមិនសមរម្យនោះទេ។ លោកក៏បានសម្តែងការសូមអភ័យទោស ដែលបានយកតួនាទីខ្លួនជាអ្នកនយោបាយ ទៅប្រឡូកប្រឡាក់ នឹងរឿងបែបនេះ។
គួរបញ្ជាក់ថា លោក មីយ៉ាសាគិ អាចនឹងលាលែងចេញពីតំណែងក្នុងពេលឆាប់ៗនេះ ដើម្បីលុបលាងរឿងអាស្រូវ ហើយលោក ក៏ចង់ត្រៀមខ្លួនធ្វើជាឪពុករបស់កូន និង ប៉ះប៉ូវសេចក្តីសុខផ្លូវអារម្មណ៍ជូនដល់ភរិយាផងដែរ។
ឆ្លើយតបបញ្ហានេះលោក នាយករដ្ឋមន្ត្រីជប៉ុន បានហៅទង្វើរបស់ មីយ៉ាសាគិ ថា «ជាទង្វើដែលអ្នកនយោបាយ គួរតែធ្វើ»។ វាជាការរក្សាកេរ្តិ៍ឈ្មោះ របស់បក្សកាន់អំណាច ដើម្បីត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ ២០១៦ នេះ៕