(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានសិក្សាស្រាវទៅលើគម្រោងក្រុមហ៊ុនចិនធំៗនៅកម្ពុជា ហើយបានយល់ឃើញថាគម្រោងទាំងនេះ កំពុងផ្តល់អំណោយផលដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៃសេដ្ឋកិច្ចជាតិ និងសង្គមនៅកម្ពុជា។ នេះបើយោងតាម លោកបណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងកិច្ចសម្ភាសន៍តាមវីដេអូ ជាមួយអ្នកសារព័ត៌មានកាលពីថ្មីៗនេះ។
លោកបណ្ឌិត កែវ ពិសិដ្ឋ បានថ្លែងថា វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនចិន និងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិន និងកម្ពុជា៦ធំៗនៅកម្ពុជា មានដូចជា៖ ក្រុមហ៊ុនសាងសង់ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុនទំនិញរួចពន្ធ វារីអគ្គិសនី ដែលសុទ្ធសឹងជាក្រុមហ៊ុន ដែលនាំមុខក្នុងវិស័យវិនិយោគនៅកម្ពុជា។
របាយការណ៍ស្រាវជ្រាវដែលចំណងជើងថា «អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសហគ្រាសចិននៅកម្ពុជា» បានសន្មត់ឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការលើកកម្ពស់ជីវភាព ការលើកស្ទួយសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារសង្គម និងកិច្ចការមនុស្សធម៌ដែលបានជួយកម្ពុជាកន្លងមកនេះ។
យោងតាមលោកបណ្ឌិត កែវ ពិសិដ្ឋ បានបន្តថា បានការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចាប់ផ្ដើមពីសីហា ដល់ខែតុលា បានសិក្សាទៅលើក្រុមហ៊ុនចិន និងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិន និងកម្ពុជាចំនួន៦ រួមមានក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារចិន Bank of China Phnom Penh Branch, ក្រុមហ៊ុន China road and bridge corporation និងក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ មាន China Huaneng Groupជាម្ចាស់ភាគហ៊ុនធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាម្ចាស់ភាគហ៊ុនធំទីពីរ។
បើតាមលោកបណ្ឌិត បានឱ្យដឹងថា ប្រទេសចិន គឺជាប្រទេសមួយដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា បើគិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ តួលេខទំហំវិនិយោគរបស់ក្រុមហ៊ុន ចិនមានប្រមាណ ១ភាគ៥ នៃចំនួនទឹកប្រាក់វិនិយោគសរុបនៅកម្ពុជា។ បន្ទាប់ពីប្រទេសចិន គីក្រុមហ៊ុនវិនិយោគដែលមកពីសាធារណៈរដ្ឋកូរ៉េ អង់គ្លេស ម៉ាឡេ ជប៉ុន និងវៀតណាម។
លោកបណ្ឌិត កែវ ពិសិដ្ឋ បានបន្តថា ខ្លឹមសាររបាយការណ៍ដែលក្រុមការងារលោកបានសរសេរឡើង គឺផ្តោតសំខាន់លើដំណើរការប្រតិបត្តិការការវិនិយោគរបស់ក្រុមហ៊ុនចិន នៅកម្ពុជា វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងផ្ដោតលើវិធានការកាត់បន្ថយការប៉ះពាល់សង្គម និងបរិស្ថាន ការដោះស្រាយជម្លោះ ដោយខាងក្រុមប្រឹក្សាសង្កេតថាតើក្រុមហ៊ុនទាំងនោះ បានធ្វើអ្វីខ្លះដល់ការចូលរួមការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ី ហើយចំណុចសំខាន់មួយទៀត គឺចង់ដឹងពីការយល់ឃើញរបស់មហាជនទូទៅពាក់ព័ន្ធនឹងការវិនិយោគរបស់ក្រុមហ៊ុនចិន នៅកម្ពុជា។
លោកបណ្ឌិតបានរៀបរាប់ប្រាប់សារព័ត៌មានផងដែរថា ក្នុងរយៈពេលស្រាវជ្រាវនេះក្រុមការងារស្រាវជ្រាវបានចុះសិក្សាដល់ទីតាំងរបស់ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ និងសាកសួរពីប្រភពដែលពាក់ព័ន្ធ មានប្រជាជន អាជ្ញាធរពាក់ព័ន្ធ ថាតើក្រុមហ៊ុនបានដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី និងផលប៉ះពាល់ផ្សេងៗតាមរបៀបណា?
លោកបណ្ឌិត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវឃើញក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ មានយន្តការណ៍ច្បាស់លាស់ ក្នុងការដោះស្រាយជម្លោះជាមួយប្រជាជន ដោយភាគច្រើនផ្ដល់សិទ្ធអំណាចក្នុងការសិក្សា ក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថាន ទៅតាមក្រសួងបរិស្ថាន ពោលជម្លោះភាគច្រើនបានដោះស្រាយចរចាគ្នាបានច្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ចំណែកប្រជាពលរដ្ឋមានការយល់ស្របចំពោះសំណង និងពេញចិត្តចំពោះដំណោះស្រាយដែលក្រុមហ៊ុនផ្ដល់ជូន។
លោកបានសង្គត់ធ្ងន់ផងដែរថា បើក្រឡេកទៅមើលពីប្រយោជន៍ធំវិញ ការសាងសង់ទំនប់វារីអគ្គិសនីពិតជាបានចូលរួមជាប្រយោជន៍ដល់សង្គមជាតិទាំងមូល ពោលក្រុមហ៊ុនទាំងនោះបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមទៅលទ្ធភាព និងផ្នែកផ្សេងៗគ្នា។
ជាការព្យាករណ៍សម្រាប់ថ្ងៃអនាគត លោកបណ្ឌិត កែវ ពិសិដ្ឋ យល់ឃើញថាតួនាទីនឹងទស្សនៈវិស័យរបស់ក្រុមហ៊ុនចិននៅកម្ពុជា គឺមានតួនាទីជាអ្នកនាំមុខដល់ការវិនិយោគផ្សេងៗ ក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថានចក្ខុវិស័យអាស៊ីសង្ឃឹមថា ថ្ងៃអនាគតក្រុមហ៊ុនចិននឹងបន្តជំរុញការការអភិវឌ្ឍប្រកបដោយចីរភាព និងបន្តកិច្ចការពារបរិស្ថាន ដោះស្រាយបញ្ហាសង្គម និងមនុស្សធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត៕