(កណ្តាល​)៖​ នៅមុននេះបន្តិចរសៀល​ថ្ងៃទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នេះ តុលាការខេត្តកណ្តាល បានប្រកាស​សាលក្រមដាក់គុកលោក​ អាំង​ មាលតី​ ៣ឆ្នាំ និងពិន័យប្រាក់ចំនួន៥លានរៀល និងចោទប្រកាន់ពីបទ កេងប្រវ័ណ្ឌដោយខុសច្បាប់ នេះបើយោងតាមភ្នាក់ងារ Fresh News រាយការណ៍ឲ្យដឹងយ៉ាងដូច្នេះ។

លោកចៅក្រម ងួន វទ្ធី បានសម្រេចចេញសាលក្រម ដាក់គុកលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ចំនួន៣ឆ្នាំ ដោយអនុវត្តតែ២ឆ្នាំ និង១ឆ្នាំព្យួរ ព្រមទាំងពិន័យប្រាក់៥លានរៀល យោងតាមតាមមាត្រា៥៩៨ នៃក្រមព្រទណ្ឌ។

សូមជំរាបថា​ នៅក្នុងសវនាការចុងក្រោយ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នា​ពេល​កន្លង​ទៅ លោក អាំង មាលតី បានសារភាពទោសកំហុសរបស់ខ្លួន ដោយសារការធ្វេស​ប្រហែស និងបានស្នើសុំឲ្យតុលាការប្តូរ​បទចោទប្រកាន់ និងបន្ថយទោស។

សូមបញ្ជាក់ថា អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងរាជធានីភ្នំពេញ ដែលពោរពេញដោយរឿងអាស្រូវ ពុករលួយ លោក អាំង មាលតី នៅព្រឹកមិញនេះ ត្រូវបាននាំខ្លួន​មកសាកសួរ​ នៅ​សាលាដំបូងខេត្តកណ្តាល។

លោក អាំង មាលតី ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ហើយបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល ដោយចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត។ បើយោងតាម មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ លោក អាំង មាលតី អាចជាប់ទោសពី៥ឆ្នាំ ទៅ១០ឆ្នាំ។

លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការប្រព្រឹត្ត​អំពើពុករលួយ​ ​ដោះលែង​ជនជាប់ចោទ ក្នុងសំណុំរឿងគ្រឿងញៀន ឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយថ្នូររថយន្ត Audi មួយគ្រឿង។

សូមជំរាបថា លោក អាំង មាលតី ត្រូវបានដកចេញពីតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីមានសំណុំរឿង មិនប្រក្រតីជាច្រើន បានកើតមានឡើង នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ៕

 

Posted by Fresh News Photo on Friday, February 12, 2016

 

Posted by Fresh News Photo on Friday, February 12, 2016

 

Posted by Fresh News Photo on Friday, February 12, 2016