(ភ្នំពេញ)៖ លោក ទួត ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានផ្ញើសារលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
តាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តីទីម័រឡេស្ត បានថ្លែងថា៖ «តាងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ខ្ញុំសូមសម្ដែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា សម្រាប់ការផ្តល់នូវម៉ាស់ ចំនួន ១លាន និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀត ជូនដល់ប្រជាជនទីម័រឡេស្ដ»។
លោកចាត់ទុកថា កាយវិការសាមគ្គីភាពនេះ គឺជាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងជាការគូសបញ្ជាក់នូវសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមក រវាងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទីម័រឡេស្តេ។ ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលថា នេះគឺជាកិច្ចសហប្រតិបត្តិការ ដែលនឹងអនុញ្ញាតឱ្យយើងអាចជម្នះបានលើជំងឺរាតត្បាតកូវីដ-១៩។
នាយករដ្ឋមន្រ្តីទីម័រឡេស្ត ក៏បានសម្ដែងផងដែរនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទីម័រឡេស្ត ក្នុងការចូលជា សមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈកាលជាច្រើនឆ្នាំកន្លងមក។ លោកអះអាងថា លោកនៅតែបន្តពឹងផ្អែកលើការគាំទ្រនេះ នៅក្នុងកិច្ចដំណើរការនាំទៅរកការអនុម័តឱ្យប្រទេសទីម័រឡេស្តេក្លាយជា សមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ថា ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ដែលបានដឹកតាមយន្តហោះ ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រគល់ប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនទីម័រខាងកើតរួចរាល់ហើយ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ។ អំណោយទាំងនេះ ត្រូវបានដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ៕
ខាងក្រោមនេះជាលិខិតរបស់ លោកនាយករដ្ឋម ន្រ្តីទីម័រឡេស្ត ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖