(ភ្នំពេញ)៖ គ្រីស្ទបរិស័ទកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ ក្នុងអំឡុងពេលព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ឆ្នាំ២០២០។ នេះបើតាមសេចក្ដីណែនាំរបស់គ្រីស្ទបរិស័ទកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ។
សេចក្ដីណែនាំបានឲ្យដឹងថា ដោយមានព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឥឡូនេះជំងឺកូវីដ១៩ ត្រូវរាជរដ្ឋាភិបាលកំពុង ដាក់ការសង្ស័យ មានការរាតត្បាត ចូលសហគមន៍ជាច្រើន មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ដែលក្រសួងសុខាភិបាល កំពុងធ្វើការស្រាវជ្រាវ ករណីពាក់ព័ន្ធ នៅក្នុងព្រឹត្តិការណ៍ខាងលើ។
គ្រីស្ទបរិស័ទកម្ពុជា សូមអំពាវនាវដល់ព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់គណៈនិកាយ សូមចូលរួមអនុវត្តការការពារ និងទប់ស្កាត់ឲ្យបានខ្ជាប់ខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល និងសូមផ្អាក ការជួបជុំ ដូចជា ការថ្វាយបង្គំ ការប្រារព្ធពិធីណូអែល ឬ ពិធីផ្សេងៗ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃផ្សព្វផ្សាយនេះតទៅ រហូតដល់មានការប្រកាសឲ្យមានការជួបជុំឡើងវិញ ចំពោះរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តប្រឈមខ្លាំង ដោយធ្វើការថ្វាយបង្គំតាមផ្ទះ និងតាមអនឡាយ (online) មិនឲ្យលើសពី២០នាក់។
ចំពោះខេត្តនានា ក្រៅពីរាជធានី-ខេត្ត ដែលបានបញ្ជាក់ខាងលើ ត្រូវអនុវត្តដូចខាងក្រោម៖
*អនុវត្តតាមសេចក្តីណែនាំជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ឬរដ្ឋបាលខេត្តដែលតាំងនៅ ឬការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
*សូមធ្វើការផ្អាក ការជួបជុំ ការថ្វាយបង្គំ ការប្រារព្ធពិធីណូអែល ឬពិធីផ្សេងៗ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការឆ្លងដោយយថាហេតុណាមួយ។
*សូមធ្វើការថ្វាយបង្គំព្រះ ជាក្រុមតូចៗមិនឲ្យលើសពី២០នាក់ ឬតាមអនឡាញ (Online) ឬនៅតាមផ្ទះរៀងៗខ្លួន ដោយអនុវត្តខ្ជាប់ខ្លួនតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
គ្រីស្ទបរិស័ទកម្ពុជា បានបន្ថែមទៀតថា ទទួលបានសេចក្តីណែនាំនេះ សូមព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំ គ្រីស្ទបរិស័ទគ្រប់គណៈនិកាយ អនុវត្តឲ្យបានហ្មត់ចត់ជាទីបំផុត។
ក្នុងករណី ដែលមានបញ្ហាទាក់ទង នឹងការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំ វិហារនីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលជិតបំផុត។ សូមយកឱកាសនេះ ដើម្បីថ្វាយបង្គំ អធិស្ឋានបួងសួងដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ សម្រាប់ប្រទេសជាតិយើង រួចផុតពីជំងឺឆ្លងកូវីដ១៩នេះ គ្រប់ពេលវេលាដែលអាចធ្វើបាន៕