(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ឲ្យរុះរើសំណង់មិនរៀបរយ ជាប់របងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាដីចំណីផ្លូវសាធារណៈ ដើម្បីសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ដែលកំពុងដំណើរការសាងសង់ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ មន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះ ត្រូវបានបំពាក់ដោយម៉ាស៉ីនពិនិត្យវិភាគ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។
ទន្ទឹមនេះរាជរដ្ឋាភិបាល បាននិងកំពុងសិក្សាគម្រោងស្ថាបនាអគារមន្ទីរពេទ្យធំ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងស្របតាមការរីកចម្រើនរបស់ខេត្តព្រះសីហនុផងដែរ។ ការអភិវឌ្ឍមន្ទីរពេទ្យ ចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធំទូលាយ បរិយាកាសស្ងប់ស្ងាត់គ្មានការរំខាន អនាម័យបរិស្ថាន បរិយាកាសល្អខ្យល់បរិសុទ្ធ មានសម្ភារបរិក្ខារទំនើបទាន់សម័យ និងក្រុមគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់។ល។
«ដូច្នេះសូមបងប្អូនមួយចំនួនដែលបានសាងសង់សំណង់មិនរៀបរយ នៅជាប់នឹងរបងមន្ទីរពេទ្យបង្អែកខេត្តដែលជាដីចំណីផ្លូវសាធារណៈ និងជាដីត្រៀមបម្រុងសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តនេះ ចូលរួមសហការធ្វើការរុះរើ និងប្រគល់ទីតាំងខាងលើជូនរដ្ឋបាលខេត្ត ធ្វើអភិវឌ្ឍន៍ដើម្បីទុកជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុយើងទាំងមូល»។ នេះបើតាមសេចក្តីជូនដំណឹងដែល៕