(ភ្នំពេញ)៖ នៅខែមករា ឆ្នាំ២០១៦នេះ កន្លងទៅនេះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ បានប្រមូលពន្ធអាករគ្រប់ប្រភេទ បង់ចូលថវិកាជាតិចំនួន ៤៦៦២២៤.៤៨លានរៀល ស្នើនឹងប្រមាណ១១៦.៥៦លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៥ កើនឡើង១០%។
លទ្ធផលនៃការប្រមូលពន្ធនេះ ត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែមករា ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ ប្រធានសាខាពន្ធដារ រាជធានីខេត្តផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ការកើនឡើងនៃការប្រមូលពន្ធ សម្រាប់ខែមករាកន្លងទៅនេះ ដោយសារតែចំណូលពន្ធអាករសំខាន់ៗ មានការកើនឡើងដូចជា
ពន្ធលើប្រាក់បៀវត្ស អាករលើតម្លៃបន្ថែម អាករពិសេស។
ជាមួយគ្នានោះ លោក គង់ វិបុល បានវាយតម្លៃខ្ពស់ដល់អង្គភាពពន្ធដារ ដែលបនខិតខំប្រឹងប្រែង ប្រមូលចំណូលពន្ធមានការកើនឡើង គួរជាទីពេញចិត្ត និងបានផ្តល់អនុសាសន៍បន្ថែម ដល់ប្រធានអង្គភាពពន្ធដារ គ្រប់លំដាប់ថ្នាក់ និងមន្ត្រីពន្ធដារទាំងអស់ ឲ្យខិតខំប្រឹងប្រែង អនុវត្តន៍ច្បាប់ គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានល្អប្រសើរ តាមរយៈការផ្តល់សេវា អ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាព និងភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយគោរពច្បាប់ ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធ រីករាយក្នុងកិច្ចសហការបង់ពន្ធជូនរដ្ឋ និងកិច្ចពង្រឹងរដ្ឋាបាលសារពើពន្ធ ដើម្បីប្រមូលពន្ធឲ្យកាន់តែ ទទួលបានប្រសិទ្ធភាពខ្ពស់ ឈានដល់សម្រេចគោលដៅ ផែនការហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៦៕