(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដឹកនាំក្រុមការងារ NACC Team Against Covid-19 បានចុះធ្វើយុទ្ឋនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងកូវីដ១៩ នៅអគាររដ្ឋបាលខណ្ឌបឹងកេងកង អគាររដ្ឋបាលកងរាជអាវុធហត្ថខណ្ឌ និងអគាររដ្ឋបាលគណបក្សប្រជាជនកម្ពុជាខណ្ឌ។
នៅក្នុងឱកាសនោះលោក សោម អូន បានលើកឡើងថា ក្រុមស្ម័គ្រចិត្តរបស់លោកនៅតែបន្តធ្វើយុទ្ធនាការគ្រប់ទីកន្លែង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងរាលដាលជំងឺកូវីដ១៩។
លោក សោម អូន បានបន្តថា «ព្រឹត្តិការសហគមន៍ ២៨ វិច្ឆិកា» គឺជារលកថ្មីមួយទៀតដែលជំងឺកូវីដ១៩ បានវាយលុកចូលសហគមន៍ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធានការណ៍របស់ក្រសួងសុខាភិបាល។
លោក សោម អូន បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាជនកម្ពុជា គឺមានសារសំខាន់ណាស់ ដើម្បីធ្វើឲ្យផែនការយុទ្ធសាស្ត្រ នៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ទទួលបានជោគជ័យ និងមិនរីករាលដាលធ្ងន់ធ្ងរ៕