(ស្វាយរៀង)៖ ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកចន្រ្ទា និងក្រុងបាវិត ដែលជំរុញឱ្យអាជ្ញាធរស្រុក និងមន្ទីរដែលពាក់ព័ន្ធចុះស្ថាបនាផ្លូវឡើងវិញ ក្រោយពីជំនន់ទឹកភ្លៀងនៅខែវស្សាកន្លងទៅនេះ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រជួសជុលផ្លូវក្រាលថ្មមិចប្រវែង ២៤០ម៉ែត្រ ចាប់ពីកែងវត្តបទុមរង្សី ក្នុងភូមិចេក ឃុំសំរោង កាត់តាមភូមិទួលអំពិល ភូមិទួលស្ពាន ដល់កែងវត្តព្រៃខ្លូត ក្នុងភូមិត្រពាំងរុន ឃុំច្រេស ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ចំណាយអស់ថវិកា ២,៥០០ដុល្លារ ដោយទទួលបានការជួយឧបត្ថម្ភថវិកាពី នាយឧត្តមសេនីយ៍ ម៉ឹង សំផន។
ថ្លែងឱកាសនោះលោក ថន ថាវុទ្ទា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកដែលជានិច្ចកាលលោកប្រធានក្រុមការងារចុះជួយស្រុក និងលោកអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកអភិបាលស្រុកបានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅអមសង្ខាងផ្លូវត្រូវជួយថែរក្សាផ្លូវឱ្យបានល្អ និងយូអង្វែងហើយសូមឱ្យអាជ្ញាធរភូមិ ឃុំ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅតាមភូមិ ឃុំ ក្នុងស្រុកចន្ទ្រា មិនត្រូវចាក់ដីភូមិខ្ពស់ជាងផ្លូវ និងមិនអនុញ្ញាតឱ្យសង់ផ្ទះ ឬតៀមដល់ចិញ្ចើមផ្លូវនោះទេ។
ជាមួយគ្នានេះដែរ លោកបានបន្តថា ក៏អំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អនារដូវចុះត្រជាក់នេះ ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឱ្យគោរពច្បាប់ចរាចណ៍ ចៀសឆ្ងាយគ្រឿងញៀន គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោក ថន ថាវុទ្ទា ក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ ឱ្យសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ដីអំពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីជាសហគមន៍ដោយជំងឺដ៏កាចសាហាវ ដូច្នេះត្រូវបង្កើនការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស និងនៅគម្លាតគ្នាជាដើម៕