(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត បានដឹកតាមយន្តហោះ ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រគល់ប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) និងបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនទីម័រខាងកើតរួចរាល់ហើយ។
ដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូប្រគល់ជូនរួចរាល់ហើយ។
ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ទើបបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ។
អំណោយម៉ាស និងសម្ភារបរិក្ខាររបស់កម្ពុជា ប្រគល់ដល់ប្រទេសឡាវ ត្រូវបានដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ចំណែកឯអំណោយម៉ាស និងសម្ភារបរិក្ខារកម្ពុជាប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលឥស្សរជនទាំងពីរសុទ្ធសឹងតែដឹកនាំ តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន៕