(កូរ៉េខាងត្បូង)៖ អភិបាលក្រុងស៊ូវ៉ុន លោក Yeom Tae-young តាមរយៈលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានទទួលស្វាគមន៍លោកឯកអគ្គរាជទូត និងប្រតិភូស្ថានទូតកម្ពុជា ដោយស្មោះអស់ពីចិត្ត ព្រមទាំងបានប្រគល់អំណោយជារថយន្តដឹកសំរាម១គ្រឿង ព្រមទាំងម៉ាសចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយគ្នា។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ក្នុងជំនួបនោះ លោកអភិបាលក្រុងស៊ូវ៉ុន បានលើកឡើងថា កម្ពុជាតូចមែន ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ ដោយទីក្រុងស៊ូវ៉ុន ធ្លាប់បានទទួលនូវអំណោយម៉ាសចំនួន២ម៉ឺន កាលពីអំឡុងនៃការផ្ទុះជំងឺរាតត្បាតកូវីត១៩ ដំបូងកាលពីអំឡុងខែមិនាកន្លងមកនេះ ពីខេត្តសៀមរាបកម្ពុជា។ លោកអភិបាលក្រុងក៏បានអះអាងថា អំពើល្អជាសប្បុរសរបស់ប្រជាជនកម្ពុជា ចំពោះប្រជាជនទីក្រុងស៊ូវ៉ុន ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវបានចងចាំទុកក្នុងក្រអៅបេះដូង ដែលនេះហើយជាមិត្តល្អក្នុងគ្រាលំបាក។
លោកអភិបាលក្រុង បានជម្រាបលោក ឡុង ឌីម៉ង់ ទៀតថា ក្រោយពីជំងឺរាតត្បាតសកលនេះសាបរលាបផុតទៅ ទីក្រុងស៊ូវ៉ុននឹងចាប់ផ្ដើមបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប លើការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត Smart city លើវិស័យអប់រំ សង្គមកិច្ច វប្បធម៌ សាសនា ដោយសមនស្សរីករាយបំផុត។
លោកអភិបាលក្រុងស៊ូវ៉ុន បានរៀបចំទស្សនកិច្ចសិក្សា ជូនប្រតិភូស្ថានទូតកម្ពុជា ឲ្យបានពិនិត្យនៅមជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខ-សុវត្ថិភាព ដែលសាលាក្រុងគ្រប់គ្រងបានយ៉ាងណែននូវទិន្នន័យ ក៏ដូចជារូបភាពនៅតាមដងផ្លូវ ទីសាធារណៈនានា សំដៅផ្ដល់ឲ្យប្រជាជន នៅក្រុងស៊ូវ៉ុនរស់នៅ ធ្វើការ រកទទួលទាន រៀនសូត្រ ប្រកបដោយផាសុកភាពគួរឱ្យចង់រស់នៅ។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅធ្វើការរៀនសូត្រនៅស៊ូវ៉ុន ព្រមទាំងតំបន់មួយចំនួនក្បែរខាងនោះមានចំនួនប្រមាណជា១ម៉ឺន៥ពាន់នាក់។ ទីក្រុងស៊ូវ៉ុន ជាទីរួមខេត្តខ្យងគីដូ ដែលជាខេត្តព័ទ្ធជុំវិញរដ្ឋធានីសេអ៊ូល ដូចជាខេត្តកណ្ដាលរបស់កម្ពុជាដែរ និងមានប្រជាជនចំនួន ១,៣០០,០០០នាក់៕