(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា ប្រកាសធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា ខណៈសម្តេច ន ិងឥស្សរជន ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការមួយចំនួន បានជាប់ទាក់ទងដោយប្រយោល ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាថ្មីៗនេះ ជាមួយលោក ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។
ទន្ទឹននេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ ដែលពាក់ព័ន្ធទាំងអស់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ រយៈ ១៤ថ្ងៃ គ្រប់ៗគ្នាក្នុងស្មារតីទទួលត្រូវខ្ពស់បំផុត។
តាមរយៈទំព័រ Facebook បង្ហោះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំងឺកូវីដ-១៩ បានចូលដល់សហគមន៍ជាលើកដំបូងនៅក្នុងប្រទេសយើង តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន បានជាប់ទាក់ទងដោយប្រយោលនឹងករណីនេះ នៅពេលហូបអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចូលរួមរបស់ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។
អាស្រ័យដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ខ្ញុំនិងភរិយា ព្រមទំាងអ្នកពាក់ព័ន្ធនៅក្នុងគ្រួសារខាងលើ បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយខ្ញុំនិងភរិយាបានធ្វើចត្តាឡីស័ក្កនៅក្នុងគេហដ្ឋានរបស់ខ្ញុំផ្ទាល់ ចាប់ពីថ្ងៃទី២៨វិច្ឆិកាមក»។
ពាក់ព័ន្ធនឹងករណីនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សសូមអំពាវនាវដល់ជនរួមជាតិគ្រប់រូប មេត្តាកុំភ័យស្លន់ស្លោ រហូតដល់បាត់បង់ម្ចាស់ការឱ្យសោះ។ ការទប់ស្កាត់ និងការពារខ្លួនកុំឱ្យឆ្លងពីជំងឺនេះ ជាកក្តាសំខាន់បំផុតនៅក្នុងកាលៈទេសៈនេះ។ សូមជនរួមជាតិចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ កាត់បន្ថយការជួបជុំនៅកន្លែងដែលមានមនុស្សច្រើន ពិសេសពុំគួរចេញក្រៅផ្ទះឡើយ បើមិនមានការចំាបាច់នោះ។
បន្ថែមពីនេះសម្តេចរដ្ឋមន្ត្រីការពារជាតិ ក៏បានជូនពរបងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អ ជួបតែសំណាងល្អ និងរួចផុតពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា នៅថ្ងៃនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបង្ហាញបញ្ជីឈ្មោះឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ បញ្ជីឈ្មោះដែលត្រូវបង្ហាញជូនក្រសួងសុខាភិបាល បានឱ្យដឹងថា ឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលមានហានីភ័យមធ្យម ក្នុងការឆ្លងកូវីដ១៩ មានចំនួន ៣១រូប។ ចំណែកឯមន្ត្រីដែលមានហានីភ័យទាប មានចំនួន ៣៥រូប។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងទៀតថា អ្នកដែលមានហានីភ័យមធ្យម មានតែចំនួន ៣១រូបទេ។ ដូច្នេះអ្នកដទៃដែលមានហានីភ័យទាប រដ្ឋសភាសុំការណែនាំ ពីក្រសួងសុខាភិបាល ថាគួរធ្វើយ៉ាងណា។ ជាការឆ្លើយតបលោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកដែលមានហានីភ័យទាប សូមតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយមិនអនុញ្ញាតឲ្យមានការចល័តខ្លួនពីកន្លែងមួយទៅកន្លែង ដើម្បីជៀសវាងហានីភ័យ៕