(ភ្នំពេញ)៖ នៅក្នុងថ្ងៃខួបកំណើតនៃការបង្កើតចលនារំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គម្រប់ ៤២ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២០) សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអតីតមេដឹកនាំចលនាមួយរូបដែរនោះ បានរំលឹកថា ទម្រាំមានដូចពេលបច្ចុប្បន្ននេះ កម្ពុជា បានធ្វើដំណើរឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក។
សម្តេចពញាចក្រី ហេង សំរិន បានអំពាវនាវឱ្យរួមគ្នាការពារនូវសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីប្រទេសជាតិមានឱកាសអភិវឌ្ឍន៍ទៅមុខបន្តទៀត។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី៤២ ទិវាកំណើត «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
សម្តេចពញាចក្រី ហេង សំរិន បានរំលឹកថា រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេច និងសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សម្តេចបន្តថា រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។
សម្តេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ដូច្នេះ «មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយមាន៧ ខែមករា ឆ្នាំ១៩៧៩ ទើបមាន ថ្ងៃនេះ។ ទំរាំមានថ្ងៃនេះ យើងបានធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ការលំបាក ឧបសគ្គរាប់ម៉ឺនជំពូក។ ឥស្សរជន អតីតយុទ្ធអ្នកស្នេហាជាតិយើងរាប់មិនអស់ បានពលីកម្មអាយុជីត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមិនខ្លាចនឿយហត់ និងស្តាយស្រណោះអាយុជីវិតនោះឡើយ»។
សម្តេចបន្តថា «ចូរយើងទាំងអស់គ្នារួមគ្នាការពារ ថែរក្សាសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្ស យូររអង្វែង តរៀងទៅ ដើម្បីប្រទេសជាតិយើងទទួលបានការអភិវឌ្ឍបន្តបន្ទាប់ ឈានទៅរក ភាពរុងរឿងដូចអារ្យប្រទេស ក្នុងពេលខាងមុខនេះ»៕